មិទ្ទីងខួបអនុស្សាវរីយ៍លើកទី៤០ ថ្ងៃជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩- ០៧ មករា ២០១៩)

ខេត្តព្រះសីហនុ : រដ្ឋបាលខេត្តព្រះ សីហនុ ប្រារព្ធមិទ្ទីងអបអរសាទររម្លឹកខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ០៧.មករា ១៩៧៩ – ០៧. មករា ២០១៩ នៅវេទិការបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់ លេខ៣ ក្រុងព្រះសីហនុ ព្រឹកថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩ ក្រោមអធិបតីភាពឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ និមន្តចូល រួមពីព្រះសង្ឃ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ឯកឧត្តម យន្ត មីន អានសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយគូសបញ្ជាក់ថា ៧ មករា គឺជាថ្ងៃប្រវត្តិសាស្រ្តចារឹកជាប់ក្នុងបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់រូប ថ្ងៃ៧ មករា រំដោះ ទឹកដី និងរំដោះប្រជាជនកម្ពុជា ពីរបបប្រ ល័យពូជសាសន៍ ប៉ុល ពត និងជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់ ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់ប្រជា ជនកម្ពុជា ។

ឯកឧត្តមបានបន្តថា រយៈពេល ៤០ ឆ្នាំកន្លងមក បានផ្លាស់ប្ដូរ មិននឹកស្មានដល់កម្ពុជាបានបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសុខសន្តិភាព ប្រជាធិប តេយ្យ សហប្រតិបត្តិការ និងអភិវឌ្ឍន៍ ។

ជ័យជំនះ៧ មករា បានសង្គ្រោះទាន់ ពេលវេលានូវអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ ដែលនៅរង់ចាំតែសេចក្តីស្លាប់ បានធ្វើឲ្យរាល់តម្លៃ ខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរត្រូវបានកសាងពូនជ្រុំក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំរបស់ខ្លួន ។

៧ មករា បើកនូវទំព័រសករាជថ្មី គឺសករាជ នៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ភាពសង្គម ជូនដល់ប្រជាជាតិដ៏កំសត់ ប្រជាជនកម្ពុជាទទួលបាននូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងក្នុងការធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនពិតប្រាកដ ។

៧ មករា មិនត្រឹមសង្គ្រោះ យើងទាំងអស់គ្នាឱ្យរួចផុតពីគ្រោះមហន្ត រាយ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ បានជួយស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា រីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណា ចក្រនៅទូទាំងប្រទេស ។

ឯកឧត្តម យន្ត មីន បន្តថា ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់យើង បើគ្មានជ័យជម្នះ៧ មករា ជាសច្ចធម៌ប្រវត្តិ សាស្ត្រ ដែលគ្មានជនណា ឬកម្លាំងណាអាចមកបំភ្លៃ ឬបំផ្លាញបានឡើយ ។

ដោយអនុវត្តនូវនយោបាយឈ្នះឈ្នះ បានបញ្ចប់ជាស្ថាពរនូវសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា បាននាំមកនូវសន្តិភាពពេញលេញ ព្រម ទាំងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងនៅឆ្នាំ១៩៩៨ នេះគឺជាសន្តិភាព ដែលកម្ពុជាសម្រេចបានដោយខ្លួនឯង ដោយគ្មានការបង្ហូរឈាម គ្មានប្រើអាវុធមួយគ្រាប់ ។

សន្តិភាព និងស្ថិរភាពនយោបាយបានបង្កើតឱកាសមាសដែលពុំធ្លាប់មាន ដល់កម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម -សេដ្ឋ កិច្ចឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ ។

កម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុតលំដាប់លេខ៦ លើពិភពលោក ដោយសម្រេចបានកំណើនជាមធ្យម ៧ភាគ រយ ក្នុងមួយឆ្នាំ តាមរយៈការរីកចម្រើនក្នុងកម្រិតដ៏ខ្ពស់ជាប់មិនដាច់នៃវិស័យឧស្សា ហកម្ម សំណង់ កសិកម្ម សេវាកម្ម ទេស ចរណ៍ អចលនទ្រព្យ គមនាគមន៍ និងការដឹកជញ្ជូន ជាក់ស្ដែងផលិតផលក្នុងស្រុកសរុបកើនប្រមាណ ៣.៦៤៩លានដុល្លារ នៅឆ្នាំ ២០០០ ដល់ប្រមាណ ២៤.៦០៥លានដុល្លារ នៅឆ្នាំ២០១៨ ។

ក្នុងឱកាសនោះឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ក៏បានអំពាវ នាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កង កម្លាំងប្រដាប់អាវុធ ចូលរួមអនុវត្តនូវ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព លុបបំបាត់គ្រឿងញៀន គោរពច្បាប់ចរា ចរណ៍ និងល្បែងស៊ីសងគ្រប់ប្រភេទនៅ ក្នុងមូលដ្ឋាន ដើម្បីធានាសេចក្តីសុខ ក្សេមក្សាន្តជូនដល់ប្រជាពលរដ្ឋ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close