ទំនាក់ទំនងរវាង ចិន និងកាណាដាអាក្រក់បំផុតក្រោយតុលាការចិនកាត់ទោសប្រហារជីវិតជនជាតិកាណាដា

ទំនាក់ទំនងរវាង ចិន និងកាណាដា ដែលកំពុងតែអាក្រក់ ដោយការចាប់ពលរដ្ឋគ្នាទៅវិញទៅមក ពេលនេះកាន់តែតានតឹងជាងមុន ដោយសារតែ តុលាការចិនបានសម្រេចដាក់ទោសប្រហារជីវិតទៅលើជនជាតិកាណាដា ។

កាលពីថ្ងៃទី១៤ខែមករា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ចំពោះពលរដ្ឋ កាណាដា ត្រូវតុលាការចិន កាត់ទោសប្រហារជីវិត ពីបទជួញដូរគ្រឿងញៀន។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន នាយករដ្ឋមន្ត្រីកាណាដាបានបញ្ជាក់ថា«យើងមានក្តីបារម្ភយ៉ាងខ្លាំង ជាមួយនិងសម្ពន្ធមិត្តអន្តរជាតិ ពីសកម្មភាព ដាក់ទោសប្រហារជីវិតរបស់តុលាការចិន ដោយពេលនេះមានជាប់ពាក់ព័ន្ធនឹងពលរដ្ឋកាណាដា ។

កន្លងមក សារព័ត៌មានស៊ីនហួរបានផ្សាយថា តុលាការទីក្រុង Dalian ខេត្ត Liaoningប្រទេសចិន បានកាត់ទោសប្រហារជីវិត ជនជាតិកាណាដាម្នាក់ឈ្មោះ Robert Lloyd Schellenberg រងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន ។ តុលាការខាងលើបានបញ្ចាក់ថា ទ្រព្យសម្បត្តិផ្ទល់ខ្លួនរបស់លោក Schellenberg ត្រូវបានដកហូត ។ ជនល្មើសមានសិទ្ធ តវា ក្នុងរយៈពេល១០ថ្ងៃ ។

ពលរដ្ឋកាណាដា ខាងលើ ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសចិន កាលពីឆ្នាំ ២០១៤ ហើយត្រូវបានតុលាការ កាត់ទោស ចាប់ពីឆ្នាំ២០១៦។តុលាការនៅទីក្រុង ដាលៀនកាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០១៧បានកាត់ទោសឲ្យជាប់ពន្ធនាគា១៥ឆ្នាំ ។ ចំណែកនៅក្នុងសវនាការ កាលពីថ្ងៃទី២៩ខែធ្នូឆ្នាំ ២០១៨ តុលាការបានសម្រេចថា ការដាក់ទោសខាងលើ ស្រាលពេក ហើយតុលាការក៏បានសម្រេច កាត់ទោសប្រហារជីវិត ។

ទំនាក់ទំនងរវាងកាណាដានិង ចិន កាន់តែតានតឹង ក្រោយពេល អគ្គនាយកហិរញ្ញវត្ថុលោកក្រុមហ៊ុន ហួរវាយ ត្រូវបានចាប់ខ្លួនទៅក្នុងប្រទេសកាណាដា តាមសំណើររបស់អាមេរិក ។ ក្រោយមកទីក្រុងប៉េកាំងក៏បានសម្រេចចាប់ខ្លួន ពលរដ្ឋកាណាដា២រូបពីបទ ចូលរួមសកម្មភាពបង្ករឲ្យមានគ្រោះថ្នាក់ដល់ សន្តិសុខជាតិចិន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close