សង្គមតុលាការបន្តសវនាការសំណុំរឿងឃាតកម្មលើឧកញ៉ា អ៉ឹង ម៉េងជឺ ដោយអវត្តមានជនសង្ស័យ ថោង សារ៉ាត់
ករណីបាញ់សម្លាប់ឧកញ៉ា អ៉ឹង ម៉េងជឺ ដែលជាថៅកែស៊ីម៉ង់ត៌មានលុយរយលានកណ្តាលទីក្រុងភ្នំពេញ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅព្រឹកមិញ តុលាការបានបើកសវនាការជាលើកទី២៣ ចំពោះជនសង្ស័យ ថោង សារ៉ាត់ ថៅកែបុរី៩៩៩ និងកងអង្គរក្សជាបន្តទៀត។
នៅព្រឹកមិញ ជនសង្ស័យដែលសុទ្ធសឹងជាកងអង្គរក្សរបស់ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់តុលាការដើម្បីបើកសវនាការបន្ត ដោយអវត្តមានឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវចោទថាជាខ្លោង ព្រោះហេតុផលសុខភាព។
ក្នុងការចាប់ផ្ដើមសវនាការបន្តនៅព្រឹកមិញ តុលាការបានសម្រេចសាកសួរដេញដោលជនជាប់ចោទទាំងអស់នូវចំណុចសង្ស័យមួយចំនួនទៀតដែលជាលទ្ធផលនៃការសើបសួរបន្ថែម និងអង្គហេតុនៃការពាក់ព័ន្ធតែប៉ុណ្ណោះ ។
ចំពោះការចោទប្រកាន់តុលាការបន្តការចោទ ៖
-ទី១ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន ៩៩៩ ជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ។
-ទី២ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ ៤៤ឆ្នាំ និងទី៣ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ ៤២ឆ្នាំ (ស្លាប់) ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន ។
-ទី៤ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៦ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។ ចំពោះការសួរដេញដោល តុលាការនឹងបន្តនៅព្រឹកថ្ងៃទី ១៦មករានេះ ។
សូមរំលឹកថាជនរងគ្រោះមានឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុនស៊ីម៉ងតិ៍ពេជ្រ ត្រូវឃាតករបាញ់សម្លាប់ កាលពីម៉ោងប្រមាណជាង៧យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនៅមុខតូបលក់ផ្លែឈើស្រស់យីហោ ឡោ តិចសេង ក្បែរស្តាតអូឡាំពិក ។
ក្នុងសវនាការចំនួន២២លើកកន្លងទៅក្រុមជនជាប់ចោទបានបដិសេធថាពួកគេមិនជាប់ពាក់ព័ន្ធនិងការសម្លាប់លោកឧកញ៉ា អុឹង ម៉េងជឺ ទេ ប៉ុន្តែពួកគេមិនមានភស្តុតាងដោះបន្ទុកទាល់តែសោះ ។
គួររំឮកដែរថា ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ និងឈ្មោះ ថោង ចំរើន (ជាឪពុក) និងឈ្មោះ កែវ សារី (ជាម្តាយ) ក៏ធ្លាប់ត្រូវបាន លោក ឃី ឆៃ ចៅក្រមសាលា រាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៦លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។
ចំពោះសំណុំរឿងឃាតកម្មនេះវិញ បើកក្នុងករណីតុលាការរកឃើញថា លោកឧកញ៉ា ថោង សារ៉ាត់ ជាអ្នកបញ្ជាឲ្យសម្លាប់លោកឧកញ៉ា អុឹង ម៉េងជឺ ដូចការចោទប្រកាន់របស់តុលាការនោះក្រុមជនជាប់ចោទអាចប្រឈមមុខការជាប់ពន្ធនាគារមួយជីវិត ។ នេះបើយោងតាមមាត្រា២០០នៃក្រមព្រហ្មទ័ណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។