លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងទ័ពគឺជាកម្លាំងស្នូលចំពោះជាតិមាតុភូមិទាំងមូលត្រូវការពារដាច់ខាតសន្តិភាព និងស្ថិរភាពឱ្យប្រទេសជាតិរីកចម្រើនទុកឱ្យកូនចៅជំនាន់ក្រោយ
ថ្លែងចេញពីតំបន់ភ្នំធំម្រះព្រៅ ទីដែលកងទ័ពហ្វឹកហ្វឺនបាញ់គ្រាប់ពិត លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានប្រកាសថា កងទ័ពត្រូវត្រៀមហ្វឹកហ្វឺន ត្រៀមការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារបូរណភាពទឹកដីជានិច្ច។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា សង្គ្រាមផ្ទុះឡើងដោយសារកងទ័ព បញ្ចប់ក៏ដោយសារកងទ័ព ហើយបើសិនកងទ័ពមិនច្បាស់លាស់ គឺកងកម្លាំងប្រដាប់អាវុធនឹងដូចប្រទេសស៊ីរី លីប៊ី និងបណ្តាប្រទេសមួយចំនួនទៀត ដូច្នេះកងទ័ពដែលច្បាស់លាស់ និងការពាររាជរដ្ឋាភិបាលស្របច្បាប់នេះហើយ ទើបកម្ពុជាមានសុខសន្តិភាពពេញលេញ ដល់សព្វថ្ងៃ។ លោកបានថ្លែងដូចនេះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជាអធីបតី បិទវគ្គហ្វឺកហ្វឺន លំហាត់បាញ់ គ្រាប់ពិតចល័ត វាយសង្គ្រុប ថ្នាក់កងអនុសេនាធំថ្មើរជើងយានយន្ត របស់សិក្ខាកាមកងពលតូចលេខ៧០ ដែលពិធីនេះក៏មានការចូលរួមពីសិក្ខាកាមមកពីយោធភូមិភាគទី២, យោធភូមិភាគទី៣, យោធភូមិភាគពិសេស និងកងពលធំអន្តរាគមន៍លេខ៣ នៅទីលាន សាលាហ្វឹកហ្វឺនរបស់កងពលនៅតំបន់ភ្នំធំម្រះព្រៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កងទ័ពគឺជាកម្លាំងស្នូល ត្រូវស្មោះត្រង់ដាច់ខាត ចំពោះជាតិមាតុភូមិទាំងមូល ការពារដាច់ខាតសន្តិភាព និងស្ថិរភាព ឱ្យប្រទេសជាតិរីកចម្រើនទុកឱ្យកូនចៅជំនាន់ក្រោយ ហើយដោយសារកងកម្លាំងប្រដាប់អាវុធទាំងអស់បំពេញភារកិច្ច ធ្វើឱ្យប្រជាជនមានភាពកក់ក្តៅវត្តមាននៃកងកម្លាំងប្រដាប់អាវុធ មិនមែនជាការបន្លាច តែជាការធ្វើឱ្យមានភាពកក់ក្តៅ។ ក្នុងឋានៈជាមេដឹកនាំមួយរូប លោកបានថ្លែងថា អ្នកនយោបាយ និងក្រុមអមិត្តខ្លះ កំពុងទាញទម្លាក់រាជរដ្ឋាភិបាល ដូច្នេះសំខាន់បំផុតត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាព ត្រូវទប់សង្គ្រាមផ្ទៃក្នុង មានតែខ្មែរគ្នាឯងទេដែលគិតពីខ្មែរ តែប្រទេសមហាអំណាចមិនដែលគិតពីខ្មែរនោះទេ ជាក់ស្តែងគឺមានតែបន្សល់ទុកនូវគ្រាប់បែកទម្លាក់មកកាលពីសម័យ លន់ នល់។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តការបំពាក់ និងតម្លើងប្រាក់បៀវត្សគ្រប់បែបយ៉ាងដល់កងទ័ព និងមានជាប់ជាប្រចាំ ហើយគោលនយោបាយគ្រប់បែបយ៉ាងរបស់រដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់លើកងទ័ព និងអតីតយុទ្ធជន ប៉ុន្តែក្នុងនោះក៏មានរឿងថ្នាំងថ្នាក់តិចតួចផងដែរជារឿងធម្មតាដែលរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហានានាដែលមាននៅក្នុងសតិអារម្មណ៍ ដើម្បីជាផលប្រយោជន៍របស់កងទ័ព និងជាតិមាតុភូមិទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។