អាជ្ញាធរ​ត្រៀម​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ទីតាំង​ចំណតរថយន្ត​ក្រុង​

ចំណតរថយន្ត និងអគាររដ្ឋបាលរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុង ផាត់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ជិតវិមានឈ្នះ ឈ្នះ នឹងត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ឆាប់ខាងមុខនេះហើយ

មន្ត្រីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង លោក អៀង សុឃីម បានបញ្ជាក់ថា ចំណតរថយន្តនិងអគាររដ្ឋាបាលរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានសាងសង់ឡើងលើផ្ទៃដីទំហំ៤ហិកតា មានអគាររដ្ឋាបាលមួយខ្នង ទំហំ២៥ម៉ែត្រគុណនិង៤០ម៉ែត្រមានកម្ពស់២ជាន់ និងអាចចតរថយន្តក្រុងបានចំនួន២៥០គ្រឿង។ ចំណតរថយន្តនិងអគាររដ្ឋាបាលរបស់ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានចាប់ផ្តើមសាងសង់ឡើងកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដោយគ្រោងនឹងបញ្ចប់ការស្ថាបនានៅខែមករា ឆ្នាំ២០១៩នេះ។

លោក អៀង សុឃីម បានបន្ដថា រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ ក្រោមជំនួយរបស់ ប្រទេសចិន និងជប៉ុនមានរថយន្តសម្រាប់ដឹកអ្នកដំណើរចំនួន២១៥គ្រឿង ហើយនៅពេលដ៏ខ្លីខាងមុខនេះ នឹងមានការផ្តល់រថយន្តក្រុងនេះ មកឱ្យរដ្ឋបាលរាជធានី ភ្នំពេញជាបន្តបន្ទាប់ទៀត សំដៅធ្វើយ៉ាងណាឱ្យការបម្រើ លើសេវាដឹកជញ្ជូនតាមរថយន្ត ក្រុងនេះកាន់តែមានភាពល្អប្រសើរជាងមុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close