សូម្បីតែប្រធានាធិបតីក៏ទទួលសំណូកពីស្តេចគ្រឿងញៀននៅមិចស៊ីកូដែរ​

ក្រោយពេល ស្តេចក្រាញ់ ជួញដូរគ្រឿង ញៀនត្រូវបានចាប់ខ្លួន ហើយកាត់ទោសនៅអាមេរិក អ្វីគ្រប់យ៉ាងត្រូវបានលាតត្រដាង ក្នុងនោះអតីតប្រធានាធិបតីប្រទេសមិចស៊ីកូ ក៏ទទួលប្រាក់ពី ក្រុមជួញដូរគ្រឿងញៀននោះដែរ ។ ទាំងនោះហើយទើប បញ្ហាជួញដូរគ្រឿងញៀន នៅក្នុងប្រទេសនោះ ក៏ដូចជាការនាំគ្រឿងញៀនចូលទឹកដីអាមេរិក មិនអាចទប់ស្កាត់បាន។

មេជួញដូរគ្រឿងញៀនដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសម៉ិចស៊ីកូ លោក Joaquin El Chapo Guzman ធ្លាប់ផ្តល់ប្រាក់ ប្រមាណ១០០លានដុល្លារអាមេរិក ដល់អតីតប្រធានាធិបតី លោក Enrique Pena Tieto ។ ទាំងនោះជាសម្តីសារភាព របស់មេគ្រឿងញៀន Guzman នៅក្នុងសាវនាការ អាមេរិក កាលពីថ្ងៃទី១៥ខែមករា។

តុលាការអាមេរិកបានចាប់ផ្តើមកាត់ក្តីមេគ្រឿងញៀន Guzman តាំងពីខែវិច្ឆិកាឆ្នាំ២០១៨ ហើយពេលនេះគឺជាសម្តីសារភាព បង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសូម្បីតែប្រធានាធិបតី ក៏ទទួលសំណូកពីក្រុមជួញដូរគ្រឿងញៀនផងដែរ ទាំងនោះហើយទើបមិនអាចកម្ចាត់ក្រុម ជួញដូគ្រឿងញៀនបាន។

សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ១៦ខែមករា បានដកស្រង់សម្តី លោក Alex Cifuentes ជាបុគ្គលបានសារភាពថាជាដៃស្តាំរបស់ មេដឹកនាំគ្រឿងញៀន Guzman បានឲ្យដឹងថា កាលពី៣ឆ្នាំមុន អតីតប្រធានាធិបតី មិចស៊ីកូ លោក Pena Nieto បានជួបជាមួយ លោកGuzman មុន ដោយស្នើរប្រាក់២៥០លានដុល្លារ ។ក្រោយមកដល់ខែតុលា Guzman បានបញ្ជូនប្រាក់ចំនួន ១០០លានដុល្លារដល់ លោក Pena Nieto នៅពេលដែលលោកទើបតែជាប់ឆ្នោត ជាប្រធានាធិបតីប្រទេសនេះ ។អតីតប្រធានាធិបតីធ្លាប់បានផ្ញើរសា ទៅកាន់ មេជួញដូរគ្រឿងញៀនថា លោកមិនចាំបាច់រស់នៅដោយលួចលាក់ទៀតឡើយ។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅពេលនេះ មិនទាន់អាចទំនាក់ទំនង ជាមួយលោក Pena Nieto និងអតីត អ្នកនាំពាក្យ របស់លោក ដើម្បីធ្វើបទសម្ភាសន៍នោះឡើយ។ ប៉ុន្តែកន្លងមក អតីតប្រធានាធិបតីបានច្រានចោលថា លោក មិនដែលទទួលប្រាក់ពិ មេជួញដូរគ្រឿងញៀននេះឡើយ ។

លោក Pena Nieto ជាអតីតប្រធានាធិបតី មិចស៊ីកូ កាន់តំណែង តាំងពីខែធ្នូ ឆ្នាំ ២០១២ដល់ខែវិច្ឆិកាឆ្នាំ២០១៨។ នៅមុនពេលឡើងកាន់តំណែងជាប្រធានាធិបតី លោកគឺជាអភិបាលរដ្ឋ មិចស៊ីកូ ។

លោក Guzman គឺជាមេដឹកនាំគ្រឿងញៀនធំបំផុតនៅលើពិភពលោក ដែលគេឲ្យឈ្មោះថា«ស្តេចគ្រឿងញៀន»។ តុលាការបានចាប់ផ្តើមកាត់ទោស លោក Guzman ជាផ្លូវការនៅក្នុងតុលាការ ទីក្រុងញ៉ូវយ៉កអាមេរិក នាថ្ងៃទី៥ខែវិច្ឆិកា ឆ្នាំ២០១៨។ មេគ្រឿងញៀនGuzman អាយុ៦១ អាចត្រូវជាប់គុកអស់មួយជីវិត ។

តាមតុលាកា អាមេរិក ក្រុមជួញដូរគ្រឿងញៀន Sinaloa Do Guzman បានបង្កើតឡើងនៅឆ្នាំ១៩៨៩ ជាក្រុមជួញដូរគ្រឿងញៀនធំបំផុតលើពិភពលោក ដោយមានសមាជិករាប់ពាន់នាក់ ។ ចាប់តាំងពីឆ្នាំ ១៩៨៩មកទល់ឆ្នាំ២០១៤ក្រុមនេះបានលក់ គ្រឿងញៀនទៅកាន់អាមេរិក មានរហូតដល់ទៅជាង ១៥៤ តោន ហើយទទួលបានប្រាក់មកវិញដល់ទៅជាង១៤ពាន់លានដុល្លារអាមេរិក ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close