រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​កម្ពុជា​ ​ដឹកនាំ​គ​ណះ​ប្រតិភូ​ ​ជួប​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ហ្វីលីពីន​

​នៅ​ថ្ងៃទី១៨​ ​ខែមករា​ ​ឆ្នាំ២០១៩​ ​នៅ​ទី​ស្តី​ការក្រ​សួង​កសិកម្ម​នៃ​សាធារណរដ្ឋ​ហ្វីលីពីន​ ​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ariel​ ​Cayana​ ​អនុរដ្ឋ​មន្ត្រី​នៃ​ក្រសួង​កសិកម្ម​ហ្វីលីពីន​ ​ក្នុង​គោលបំណង​ជំរុញ​បន្ថែម​នៃ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ក្រសួង​កសិកម្ម​នៃ​សាធារណ​រដ្ឋ​ហ្វីីិ​ពីន​ ​ដែល​ភាគី​ទាំងពីរ​បាន​ចុះ​អនុស្សារ​ណៈ​យោគយល់​គ្នា​កាលពី​ថ្ងៃ១០​ ​ខែកញ្ញា​ ​ឆ្នាំ២០១៥​។​ ​

​មាន​មតិ​ស្វាគមន៍​ ​ឯកឧត្តម​ ​Segfredo​ ​R​.​ ​Serrano​ ​តំណាង​ឯកឧត្តម​រដ្ឋមន្ត្រី​ ​Emmanual​ ​Pinol​ ​សុំទោស​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី​ ​វេង​ ​សា​ខុន​ ​ដែល​ឯកឧត្តម​មិនបាន​ទទួល​ជួប​នា​ថ្ងៃនេះ​ ​ដោយ​លោក​ត្រូវ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅប្រទេស​ ​ហើយក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូនចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​មក​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ហ្វីលីពីន​ ​និង​សាទរ​នូវ​រាល់​លទ្ធផល​ដែល​ទទួល​បាន​ពី​ដំណើរ​ទស្សនកិច្ច​នេះ​។​ ​ដោយឡែក​ ​ចំពោះ​វឌ្ឍនភាព​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន​នៅក្នុង​វិស័យ​កសិកម្ម​ ​ជាពិសេស​អនុ​វិស័យ​ស្រូវ​ ​និង​ការនាំចេញ​អង្ករ​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ ​គឺ​ពិតជា​គួរឲ្យ​ស្ងើចសរសើរ​ ​និង​សូម​វាយតម្លៃ​ខ្ពស់​ផង​ដែរ​។​

​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួង​កសិកម្ម​ ​ហ្វីលីពីន​ ​និង​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​កម្ពុជា​ ​បាន​និង​កំពុង​អនុវត្ត​ទៅជា​បន្តបន្ទាប់​ ​ហើយ​សង្ឃឹម​និង​ជឿជាក់​ថា​ ​កិច្ចសហការ​ទ្វេភាគី​នេះ​នឹងអាច​ឈានទៅមុខ​មួយ​កម្រិត​ទៀត​ ​ដោយ​ក្រសួង​កសិកម្ម​ ​ហ្វីលីពីន​នឹង​ប្រឹង​អស់​លទ្ធភាព​ ​ធ្វើ​យ៉ាងណា​ឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​ទទួល​បាន​ជោគជ័យ​ ​ជា​ប្រយោជន៍​ដល់​វិស័យ​កសិកម្ម​នៃ​ប្រទេស​ទាំងពីរ​។​ ​

​នា​ឱកាស​នេះ​ផង​ដែរ​ ​តាងនាម​ឲ្យ​រាជរដ្ឋាភិបាល​ ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​និង​រូបលោក​ផ្ទាល់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អគុណ​ដល់​រដ្ឋាភិបាល​ហ្វីលីពីន​ ​ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រសួង​កសិកម្ម​ ​ហ្វីលីពីន​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​។​

​ទន្ទឹម​នឹង​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ជូន​ឯកឧត្តម​ ​Serrano​ ​ថា​ ​ដើម្បី​ឆ្លើយតបទៅនឹង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​ ​និង​ឌីជីថល​រូ​ប្ប​នី​កម្ម​ ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​កំពុង​ធ្វើ​កំណែទម្រង់​ ​តាមរយៈ​ការជំរុញ​យន្តការ​ទំនើបកម្ម​កសិកម្ម​ ​និង​យន្តូបនីយកម្ម​កសិកម្ម​ ​ដែល​ទាមទារ​ឲ្យ​ក្រសួង​បង្កើន​សមត្ថភាព​ ​បន្ត​ផ្លាស់ប្ដូរ​បទពិសោធន៍​ ​និង​ពង្រឹង​និង​ពង្រីក​ចំណង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេស​ជា​ដៃគូ​ ​និង​ដៃគូ​អភិវឌ្ឍន៍​នានា​ ​ស្តែង​ចេញពី​ទស្សនៈ​កិច្ច​ផ្លូវការ​នេះ​ហើយ​ ​ដែល​ផ្តោត​ជា​សំខាន់​លើ​ការ​ដាក់ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៃ​យុទ្ធ​សាស្រ្ត​ពូជ​ដំណាំ​ ​ដើម្បី​ស្រាវជ្រាវ​និង​ផលិត​ពូជ​ស្របតាម​តម្រូវចិត្ត​និង​តម្រូវការ​ទាំង​ទីផ្សារ​ក្នុង​ស្រុក​ ​និង​ពិភពលោក​ ​រួម​ជាមួយ​ការ​បន្ត​ជំរុញ​ថែមទៀត​ក្នុង​ការសាកល្បង​និង​ប្រើប្រាស់​ប្រព័ន្ធ​ ​Remote​ ​Sensing​ ​តាម​ផ្កាយរណប​ ​SAR​ ​ដើម្បី​ពិនិត្យ​ក៏ដូចជា​តាមដាន​នូវ​ស្ថានភាព​នៃ​ការងារ​បង្កបង្កើនផល​ ​គ្រោះ​ទឹកជំនន់​ ​គ្រោះ​រាំងស្ងួត​ ​និង​កំណត់​តំបន់​ដាំដុះ​។​ ​

​សូម​បញ្ជាក់​អំពី​ប្រធានបទ​ដែល​ភាគី​ទាំងពីរ​បាន​លើក​មក​ពិភាក្សា​រួមមាន​:​ ​
​ទី១​.​ ​បន្ត​ជំរុញ​ការអនុវត្ត​ខ្លឹមសារ​នៃ​អនុស្សារ​ណៈ​នៃ​ការយោគយល់​គ្នា​ ​
​ទី២​.​ ​ផ្តល់​កិច្ច​សហ​កា​រក្នង​ការសាកល្បង​ ​និង​ប្រើប្រាស់​ប្រព័ន្ធ​ ​Remote​ ​Sensing​
​ទី៣​.​ ​ការ​ផ្តល់​កិច្ចសហការ​ក្នុង​ការអនុវត្ត​ច្បាប់​ស្តី​ពី​សុវត្ថិភាព​អាហារ​
​ទី៤​.​ ​ការ​លើកកម្ពស់​សមត្ថភាព​មន្ទីរពិសោធន៍​កសិកម្ម​ ​ស្តី​ពី​សុខភាព​សត្វ​ ​និង​ដំណាំ​ ​ជាពិសេស​ការវិភាគ​សំណល់​ថ្នាំ​កសិកម្ម៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close