ការបង្ហាញវត្តមាន តាមបណ្តាញសង្គម របស់បងប្អូន ត្រកូលស៊ីណាវ៉ាត្រា ជាសារទៅកាន់អ្នកគាំទ្រថៃ?
ទីក្រុងបាងកក៖ នៅពេលបោះឆ្នោតជិតមកដល់ អតីតមេដឹកនាំដែលមានឥទ្ធិពលបំផុតនៅលើក្នុងប្រទេសថៃ បានបង្ហាញខ្លួនជាច្រើននៅលើបណ្តាញសង្គម ជាសារសំខាន់ទៅកាន់ពលរដ្ឋ ដូចជាការដាស់តឿនពលរដ្ឋឲ្យបន្តគាំទ្រ គណបក្សភឿថៃ ដូចពេលមុន។
អតីតនាយករដ្ឋមន្ត្រីថៃ ពីរនាក់បងប្អូនដែលរស់នៅក្រៅប្រទេស គេចពីការចាប់ខ្លួនដាក់ទោសរបស់រដ្ឋាភិបាលយោធាថៃ ប៉ុន្មានថ្ងៃចុងក្រោយនេះបានបង្ហាញវត្តមាន ជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ជះឥទ្ធិពលយ៉ាងខ្លាំង ដល់ ការបោះឆ្នោត ជ្រើសរើសមេដឹកនាំថ្មីនៅក្នុងប្រទេសថៃ ដែលត្រូវធ្វើឡើងនៅខែកុម្ភៈខាងមុខ ។
នៅដើមឆ្នាំ២០១៩នេះ អតីតនាយករដ្ឋមន្ត្រីពីរនាក់បងប្អូនបានបង្ហាញរូបភាពស្និទ្ធស្នាលនឹងប្រជាជន ក្នុងនោះមានទាំងរូបភាព ទៅកាន់ស្រុកកំណើត ខាងបុព្វការីជនរបស់ឪពុក ដើម្បីគោរពដឹងគុណ ។ សកម្មភាពទាំងនោះបានបង្ហាញយ៉ាងច្បាស់ពីកតញូ មិនភ្លេចគុណបំណាច់ របស់បុព្វការីនោះឡើយ ។
ទន្ទឹមនឹងនោះដែរពលរដ្ឋថៃ មួយចំនួនធំ ក៏មិនភ្លេចគុណក្នុងការដឹកនាំប្រទេស របស់ បងប្អូនត្រកូលស៊ីណាវ៉ាត្រាទាំងពីររូបខាងលើ ដោយបានអនុវត្តន៍គោលនយោបាយសំខាន់ៗផ្តោត ទៅលើពលរដ្ឋក្រីក្រនៅតំបន់ជនបទស្រែចំការជាច្រើន។
លោកថាក់ស៊ីន និងលោកស្រី យីងឡាក់ បានជួយពលរដ្ឋក្រីក្រ ជាច្រើន មានជីវភាពធូធា រស់នៅយ៉ាងសុខសាន្ត ។ ទាំងនោះហើយបានជាពលរដ្ឋថៃជាច្រើននៅតែមិនភ្លេចគុណ នៅតែគាំទ្រ ជានិច្ចដល់អតីតនាយករដ្ឋមន្ត្រីទាំងពីររូប ។
ទោះបីលោក ថាក់ស៊ីន និងលោកស្រីយីងឡាក់ មិនមានសកម្មភាពឃោសនា នយោបាយ ណាមួយនោះឡើយ ប៉ុន្តែការបង្ហាញខ្លួនរបស់លោកតាមបណ្តាញសង្គម ក្នុងពេលបោះឆ្នោតជិតមកដល់ ត្រូវបានគេចាត់ទុកថាជាសារដ៏សំខាន់ របស់អ្នកទាំងពីរផ្ញើទៅកាន់ពលរដ្ឋថៃ ឲ្យបន្តគាំទ្រដល់គណបក្សភឿថៃ ទៅទោះបី លោកមិនមែនជាអ្នកដឹកនាំក្តី ។
អ្នកនាយោបាយថៃ បានបង្ហាញ ការមិនពេញចិត្តទៅនឹងសកម្មភាព ខាងលើនោះឡើយ ដោយកន្លងមក បានអំពាវនាវឲ្យចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីទាំងពីររូប មកកាត់ទោសតាមច្បាប់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។