ក្រសួងបរិស្ថាន​ ​និង​ប្រជា​សហគមន៍​ព្រៃ​ឡង់​ ​ប្រារព្ធ​ពិធី​បំបួស​ដើមឈើ​ ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​

​ប្រពល​រដ្ឋ​ជាង៣០០នាក់​ ​មក​ពី​សហគមន៍​ការពារ​ធម្មជាតិ​នៃ​ខេត្ត​ទាំង៤​ ​រួមមាន​ខេត្តព្រះវិហារ​ ​កំពង់ធំ​ ​ស្ទឹងត្រែង​ ​និង​ក្រចេះ​ ​ដែល​គ្រប់​ដណ្តប់​ដោយ​ព្រៃ​ឡង់​ ​បាន​មក​ជួបជុំ​ ​នៅក្នុង​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​»​ ​តំបន់​វាល​តា​សិល្ប៍​ ​ក្នុង​ឃុំ​មានរិទ្ធ​ ​ស្រុក​ស​ណ្តាន់​ ​ខេត្តកំពង់ធំ​ ​បាន​រៀបចំ​ប្រារព្ធ​ពិធី​បំបួស​ដើមឈើ​ ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ឲ្យ​បន្ត​គង់វង្ស​សម្រាប់​អនាគត​។​

ពិធី​បំបួស​ដើមឈើ​ ​ប្រព្រឹត្ត​ឡើង​រយៈពេល២ថ្ងៃ​ ​ពី​ថ្ងៃទី១៦​ ​ដល់​ថ្ងៃទី១៧​ ​ខែ​កុម្ភះ​ ​ឆ្នាំ២០១៩​ ​ដោយមាន​ការចូលរួម​ពី​តំណាង​រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន​ ​តំណាង​អាជ្ញាធរ​មូលដ្ឋាន​ ​សិស្ស​ ​និស្សិត​ ​ព្រះសង្ឃ​ ​ប្រជាពលរដ្ឋ​ ​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​ ​និង​អន្តរជាតិ​ ​និង​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន​នាក់​ផ្សេងទៀត​។​

អ្នកស្រី​ ​ភោគ​ ​ហុង​ ​គណៈកម្មការ​ព្រៃ​ឡង់​ ​ខេត្តព្រះវិហារ​ ​បាន​ឲ្យដឹង​ថា​ ​គោលបំណង​ដែល​រៀបចំ​ឲ្យ​មានការ​បំបួស​ដើមឈើ​នេះ​ ​គឺជា​ការ​រក្សា​ប្រពៃណី​សាសនា​ជនជាតិ​ដើម​ភាគតិច​ ​និង​ការ​រំលឹក​គុណ​ព្រៃឈើ​ ​ដែល​បាន​ជួយ​ថែរក្សា​ ​និង​ចិញ្ចឹម​ដល់​ប្រជាពលរដ្ឋ​ ​ក៏ដូចជា​ការ​ជ​ម្រុ​ញ​ឲ្យ​ប្រជាពលរដ្ឋ​ ​ចូលរួម​ថែរក្សា​ព្រៃឈើ​ ​ការពារ​ធនធាន​ជីវៈ​ចម្រុះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ ​ព្រៃ​ឡង់​កាន់​តែ​ប្រសើ​ថែមទៀត។​

លោក​ ​វង់​ ​សាន​ ​ប្រធាន​សហគមន៍​ក្បាល​ខ្លា​នៃ​តំបន់​ព្រៃ​ឡង់​ក្នុង​ភូមិ​សាស្រ្ត​ខេត្តកំពង់ធំ​ ​បាន​បញ្ជាក់​ថា​ ​ព្រៃ​ឡង់​មាន​សារៈសំខាន់​សម្រាប់​មនុស្សយើង​ខ្លាំង​ណាស់​ ​វា​អាច​ជួយ​ផ្តល់​នូវ​ទឹកភ្លៀង​ ​កាត់បន្ថយ​កំ​ដៅ​ ​រួម​ទាំង​កា​រប្រមូ​អនុ​ល​ផល​ពី​ព្រៃឈើ​ ​ដូចជា​ផ្លែឈើ​ ​វ័ល្ល​ ​បេះ​ផ្សិត​ ​ជ័រ​ ​រួម​ទាំង​ដង​ជ័រ​ ​ដែល​ជួយ​ប្រជា​សហគមន៍​អាច​រក​ប្រាក់ចំណូល​គ្រប់​រដូវ​កាល​។​ ​ប៉ុន្តែ​តំបន់​នេះ​ក៏​កើតមាន​បញ្ហា​ ​ប្រឈម​ដោយសារ​មាន​ជនខិលខូច​មួយចំនួន​ ​នៅតែ​លួច​អារ​ដើមឈើ​ ​និង​បរបាញ់​សត្វព្រៃ​ ​ខណៈ​ពេល​ដែល​បណ្តាញ​សហគមន៍​ព្រៃឈើ​ ​និង​សម្មតិ​កិច្ច​មានការ​ខ្វះចន្លោះ​ ​បន្ទាប់ពី​មានការ​ល្បាត​។​

លោក​ ​ខៀវ​ ​បូរិ​ន​ ​មន្រ្តី​ជាន់ខ្ពស់​ក្រសួងបរិស្ថាន​បាន​ឲ្យដឹង​ថា​ ​ពិធី​បំបួស​ដើមឈើ​ជា​ប្រវត្តិ​សាស្រ្ត​នេះ​ ​បាន​រៀបចំឡើង​ជា​លើក​ទី១​ ​ដែល​មាន​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ច្រើន​កុះករ​ ​មក​ពី០៤ខេត្ត​ជួបគ្នា​មិនធ្លាប់​មាន​។​ ​លោក​បាន​ថ្លែងអំណរគុណ​ ​និង​កោត​សរសើ​ចំពោះ​ប្រជា​សហគមន៍​នៃ​បណ្តាញ​ការពារ​ព្រៃ​ឡង់​ទាំង៤ខេត្ត​ ​(​ខេត្តកំពង់ធំ​ ​ខេត្តក្រចេះ​ ​ខេត្ត​ស្ទឹងត្រែង​ ​និង​ខេត្តព្រះវិហារ​)​ ​រួម​ទាំង​មន្រ្តី​ឧទ្យានុ​រក្ស​ ​ដែល​បាន​យកចិត្ត​ទុកដាក់​ ​ការពារ​ ​ថែរក្សា​ ​ស្រឡាញ់​ព្រៃឈើ​ ​ធ្វើឲ្យ​ព្រៃឈើ​នៅក្នុង​ព្រៃ​ឡង់​ ​មាននៅ​ទ្រង់ទ្រាយ​ល្អ​រហូតមកដល់​សព្វថ្ងៃ​។​ ​

លោក​ក៏បាន​ចាត់ទុកថា​ ​ព្រឹត្តិ​ការណ៍​នេះ​ ​នឹង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​យល់​ច្បាស់​អំពី​គុណ​តម្លៃ​របស់​ព្រៃឈើ​ចំពោះ​មនុស្ស​ទាំងអស់គ្នា​ ​ហើយ​សង្ឃឹមថា​ ​ពួកគាត់​ចេះ​គ្រប់គ្រង​ធនធាន​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​ថែមទៀត​។​

សូម​បញ្ជាក់​ថា​ ​ពីធី​បុណ្យ​តាម​ប្រពៃណី​សាសនា​បំបួស​ដើមឈើ​នៅពេល​នេះ​ ​រៀបចំឡើង​ដោយ​ក្រសួងបរិស្ថាន​ ​សហការ​ជាមួយ​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ ​UNDP​ ​និង​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ ​ក្នុង​បំណង​បង្កើន​ការយល់​ដឹងពី​អត្ថ​ប្រយោជន៍​ព្រៃឈើ​ដល់​ប្រជាពលរដ្ឋ​ ​និង​ ​ដើម្បី​ជា​ការ​ចាប់ផ្តើម​ពង្រឹង​ក្នុង​កិច្ចសហការ​អភិរក្ស​គ្រប់គ្រង​ធនធាន​ធម្មជាតិ​របស់​សហគមន៍​ប្រជាពលរដ្ឋ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ ​ព្រៃ​ឡង់​ ​នៅតែ​ស្រស់​ត្រកាល​គ្រប​ដោយ​ស្បៃ​ធម្មជាតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close