ក្រូចពោធិ៍សាត់ គ្រោងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនាពេលឆាប់ៗខាងមុខនេះ
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រូចពោធិ៍សាត់ ដែលជាក្រូចដ៏ពេញនិយមរបស់ពលរដ្ឋខ្មែរ គ្រោងនឹងយកទៅចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ នៅពេលឆាប់ៗនេះ ដើម្បីការពារផលប្រយោជន៍អ្នកផលិត និងជួយលើកកម្ពស់ជីវភាពផលិតករឲ្យកាន់តែមានភាពល្អប្រសើរ។
លោក អប រ៉ាឌី ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តដល់ក្រូចពោធិ៍សាត់នេះ ដើម្បីជួយទប់ស្កាត់ក្នុងការក្លែងបន្លំប្រភពដើម និងជួយលើកកម្ពស់ជីវភាពដល់ផលិតករម្ចាស់ប្រភពទំនិញ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅផ្សារក្រៅប្រទេស ដោយសារប្រទេសមួយចំនួនតម្រូវឲ្យទំនិញមានម៉ាកសម្គាល់ភូមិសាស្ត្រនេះ។
លោកកបានបន្តថា ក្រសួងបានចុះទៅបើកសិក្ខាសាលាផ្សព្វផ្សាយម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំពីក្រូចពោធិ៍សាត់-បាត់ដំបងដល់ភាគីពាក់ព័ន្ធ ដើម្បីសិក្សាមុននឹងយកទៅចុះបញ្ជីម៉ាកសញ្ញាសម្គាល់ភូមិសាស្រ្តទំនិញនាពេលអនាគត ដើម្បីជួយបង្កើនតម្លៃបន្ថែមមួយកម្រិតទៀតដល់ផលិតករ ខណៈបច្ចុប្បន្ននេះក្រូចពោធិ៍សាត់-បាត់ដំបងមានតម្លៃចន្លោះពី ២ម៉ឺន ទៅ៤ម៉ឺនរៀល ក្នុងមួយផ្លូន។
លោកបានគូសបញ្ជាក់ថា ក្រៅពីក្រូចពោធិ៍សាត់-បាត់ដំបងក្រសួងក៏បានកត់សម្គាល់ផងដែរនូវផលិតផលកសិកម្មមួយចំនួនទៀតដែលគ្រោងនឹងយកទៅចុះបញ្ជីម៉ាកសញ្ញាសម្គាល់ភូមិសាស្រ្តនាពេលអនាគតមានដូចជា ពងទាស្រែននោងនៅខេត្តតាកែវ ទុរេនកំពត និងប្រហុកសៀមរាបជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។