តម្លៃប្រេងលក់រាយនៅកម្ពុជាឡើង៥០រៀលវិញ សម្រាប់សប្តាហ៍នេះ
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានបង្ហាញថា តម្លៃប្រេងបានហក់ឡើង៥០រៀលវិញ បើធៀបទៅនឹងតម្លៃដែលកំណត់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងត្រូវលក់ ៣៥៦០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៣៦១៣រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។ តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងនៅកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅចំនួន៤សេនដុល្លារក្នុងមួយលីត្រ។
ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងចុះមក ៣៤០០ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា និង ៣៤៥០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។