ស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ ត្រូវបានជ្រើសរើសជាស្រុកគំរូលើ ផ្នែកអនាម័យ និងបរិស្ថានល្អ
មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានប្រកាសថា ស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ ត្រូវបានជ្រើសរើសជាស្រុកគំរូ ទាំងអនាម័យ និងបរិស្ថាន នៅទូទាំងប្រទេស នាពេលខាងមុខ។ ដូច្នេះទាមទារឲ្យអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋទាំងអស់ រួមគ្នាស្រឡាញ់បរិស្ថាន និងមានអនាម័យ ពិសេសការចោល និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
ក្នុងឱកាសដឹកនាំមន្ត្រីសាលាស្រុកអូររាំងឪ កងកម្លាំងប្រដាប់អាវវុធទាំង៣ប្រភេទ សិស្សានុ សិស្ស និងប្រជាពលរដ្ឋសម្អាតបរិស្ថានជុំវិញទីប្រជុំជនស្រុក តាមដងផ្លូវ តាមផ្សារ និងសាលារៀន វត្តអារាម កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក រ័ត្ន វីរៈ រដ្ឋលេខាធិការក្រសួងបរិស្ថានលើកឡើងថា ភាពស្អាត មានអនាម័យ មនុស្សម្នាក់ៗគឺអាចធ្វើបាន កុំគិតថាអ្នកមាន ឬអ្នកក្រ ដោយលោកបានពន្យល់ថា ប្រជាពលរដ្ឋ គ្រប់រូបមិនថាឋានៈ តួនាទី មាន ឬក្រ សុទ្ធតែមានសិទ្ធិ និងតួនាទីស្មើៗគ្នា ក្នុងការស្រឡាញ់ និងសម្អាតបរិស្ថាន។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការក៏បានលើកទឹកចិត្តឲ្យបន្តមានកម្មវិធីពញាក់ស្មារតីប្រជាពលរដ្ឋតាមទីសាធារណៈបែបនេះជាបន្តបន្ទាប់រហូត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ភ្ញាក់ស្មារតីរួមគ្នាសម្អាតបរិស្ថាន អនាម័យក្នុងផ្ទះយើង ភូមិស្ថានយើង ឃុំយើង ស្រុកយើង ប្រទេសយើង ដើម្បីសោភណភាព និងសុខភាពយើងម្នាក់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។