អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម​ ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅដើម​សប្តាហ៍​ក្រោយ​

​លោក​ ​ង្វៀន​ ​ហ្វ៊ូ​ជុង​ ​(​Nguyen​ ​Phu​ ​Trong​)​ ​អគ្គលេខាធិការ​ ​នៃ​គ​ណៈ​កម្មា​ធិការ​មជ្ឈឹ​ម​បក្ស​កុម្មុយ​នីស​ ​និង​ជា​ប្រធាន​រដ្ឋសភា​ ​នៃ​ប្រទេស​វៀតណាម​ ​គ្រោង​នឹង​មកកាន់​ប្រទេស​កម្ពុជា​នៅដើម​សប្តាហ៍​ក្រោយនេះ​ ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល២ថ្ងៃ​ ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃទី២៥​ ​ដល់​ថ្ងៃទី២៦​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​។​

​ការ​អញ្ជើញ​មក​បំពេញ​ទស្សនៈ​កិច្ច​នៅ​កម្ពុជា​របស់​ប្រធាន​រដ្ឋសភា​វៀតណាម​នេះ​ ​គឺ​ធ្វើឡើង​តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ ​ព្រះបាទ​ ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ការបរទេស​កម្ពុជា​ឲ្យដឹង​ថា​ ​ក្នុងអំឡុងពេល​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ​ ​លោក​ ​ង្វៀន​ ​ហ្វ៊ូ​ជុង​ ​នឹង​ចូល​គាល់​ព្រះករុណា​ ​ព្រះបាទ​ ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​សម្តេច​ ​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនីនាថ​ ​សីហនុ​ ​ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ ​ក្នុង​សេរីភាព​ ​សេចក្តី​ថ្លៃថ្នូរ​ ​និង​សុភមង្គល​ ​នៅក្នុង​ព្រះបរមរាជវាំង​ ​។​

​បន្ទាប់មក​លោក​ ​ង្វៀន​ ​ហ្វ៊ូ​ជុង​ ​ក៏​នឹង​ចូល​ថ្វាយបង្គំ​សម្តេច​អគ្គ​មហា​សង្ឃរាជា​ធិបតី​ ​ទេព​ ​វង្ស​ ​សម្តេច​ព្រះ​មហាសង្ឃរាជ​នៃ​គណៈមហានិកាយ​ ​និង​សម្តេច​ព្រះ​អភិ​សិរី​សុ​គន្ធា​មហា​សង្ឃរាជា​ធិបតី​ ​បួរ​ ​គ្រី​ ​សម្តេច​ព្រះ​មហាសង្ឃរាជ​នៃ​គណៈ​ធម្មយុត្តិក​និកាយ​ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​ ​។​

​លោក​ ​ង្វៀន​ ​ហ្វ៊ូ​ជុង​ ​នឹង​មាន​ជំនួប​ដោយឡែក​ពីគ្នា​ជាមួយ​ ​សម្តេច​ ​សាយ​ ​ឈុំ​ ​ប្រធាន​ព្រឹទ្ធសភា​ ​សម្តេច​ ​ហេង​ ​សំ​រិន​ ​ប្រធាន​រដ្ឋសភា​ ​និង​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​របស់​ ​ង្វៀន​ ​ហ្វ៊ូ​ជុង​ ​នៅ​កម្ពុជា​នេះ​ ​ក៏​មាន​ឯកសារ​មួយចំនួន​ ​នឹង​ត្រូវ​ចុះហត្ថលេខា​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close