នាយ​ឧត្ដមសេនីយ៍​ ​នេត​ ​សាវឿ​ន​ ​ព្រមាន​ដោយ​ផ្ទាល់មាត់​ ​ទៅលើ​ស្នងការ​រង​ខេ​ត្ដ​កណ្ដាល​ម្នាក់​ ​ក្រោយ​យក​រថយន្ដ​ពន្លត់​អគ្គិភ័យ​ ​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​

​ភ្នំពេញ​៖​ ​នាយ​ឧត្តម​សេ​នីយ៍​សន្ដិ​បណ្ឌិត​ ​នេត​ ​សាវឿ​ន​ ​អគ្គស្នងការ​នគរបាល​ជាតិ​ ​បាន​ប្រាប់​ដោយ​ផ្ទាល់មាត់​ទៅ​ ​លោក​ឧត្ដមសេនីយ៍​ទោ​ ​អ៊ា​វ​ ​ចំរើន​ ​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ឲ្យ​ ​ព្រមាន​ទៅ​ស្នងការ​រង​ខេត្ត​កណ្ដាល​លោក​ ​អ៊ុល​ ​ប៊ុ​នណា​ ​ដែល​បាន​យក​រថយន្ដ​ពន្លត់​អគ្គិភ័យ​ ​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​ដោយ​ដឹក​ទឹក​ទៅ​លាយ​ស៊ី​ម៉ង់​ត៍​ជូន​សាច់ញាតិ​ ​នៅ​មូលដ្ឋាន​ស្រុក​ស្អាង​ ​ខេត្តកណ្តាល​។​

​លោក​ឧត្តមសេនីយ៍​ទោ​ ​អ៊ា​វ​ ​ចំរើន​ ​បាន​ប្រាប់​អង្គភាព​សារ​ព័ត៍​មាន​ ​នៅ​ព្រឹក​ថ្ងៃទី២១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​ថា​ ​អគ្គស្នងការ​នគរបាល​ជាតិ​ ​បាន​ដាក់​បញ្ជា​មក​លោក​នៅក្នុង​កិច្ចប្រជុំ​ ​ដោយ​ឲ្យ​ព្រមាន​ផ្ទាល់មាត់​ទៅ​ស្នងការ​រង​ទទួល​ផែន​បង្ការ​ ​និង​ពន្លត់​អគ្គិភ័យ​ ​លោក​ ​អ៊ុល​ ​ប៊ុ​នណា​ ​ជុំវិញ​ការ​យក​រថយន្ដ​របស់​អង្គភាព​ទៅ​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​ហើយ​ប្រសិនបើ​ ​មាន​លើកក្រោយ​ ​នឹង​ត្រូវ​ដាក់​ពិន័យ​របស់​កងកម្លាំង​។​

​លោក​ឧត្តមសេនីយ៍​ ​អ៊ា​វ​ ​ចំរើន​ ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​«​ឯកឧត្តម​ ​អគ្គស្នងការ​នគរបាល​ជាតិ​ ​បាន​ដាក់​បទបញ្ជា​ខ្ញុំ​ ​ដោយ​ឲ្យ​ព្រមាន​ដោយ​ផ្ទាល់មាត់​ទៅ​ស្នងការ​រង​ម្នាក់​នៅក្នុង​កិច្ចប្រជុំ​ ​ពាក់ព័ន្ធ​ករណី​រថយន្ដ​ពន្លត់​អគ្គិភ័យ​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការអនុញ្ញាត​ ​និង​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​ហើយ​បើសិន​មាន​លើកក្រោយ​ទៀត​ ​នឹង​អនុវត្ត​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​»​។​

​សូមជម្រាប​ថា​ ​ពាក់ព័ន្ធ​ករណីនេះ​ ​នាយកដ្ឋាន​បង្ការ​ ​និង​ពន្លត់​អគ្គិភ័យ​ ​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ ​ក្រសួងមហាផ្ទៃ​ ​បាន​បញ្ជា​ឲ្យ​ការិយាល័យ​ជំនាញ​ ​តាម​បណ្ដា​ស្នងការ​ដ្ឋាន​រាជធានី​-​ខេត្ត​ទាំងអស់​ ​ត្រូវ​បិទ​ស្ទីក​គ័រ​ឈ្មោះ​ខេត្ត​ ​(​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​.​.​.​)​ ​នៅ​លើ​រថយន្ដ​របស់​អង្គ​ភា​ពរៀងៗ​ខ្លួន​ ​ចៀសវាង​មានការ​ភ័ន្តច្រឡំ​ពីសា​ធារ​ណ​ជន​ ​ក្រោយ​ស្នងការ​រង​ខេត្ត​កណ្ដាល​ម្នាក់​ ​បាន​យក​រថយន្ដ​ពន្លត់​អគ្គិភ័យ​ទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ​ដែល​នាំឲ្យ​ផ្ទុះ​ការរិះគន់​ពី​មហាជន​។​

​លោក​ឧត្តមសេនីយ៍​ទោ​ ​នេត​ ​វន្ថា​ ​ប្រធាន​នាយកដ្ឋាន​បង្ការ​ ​និង​ពន្លត់​អគ្គិភ័យ​ ​នៅ​ថ្ងៃទី២១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​ ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ ​«​លោកស្នងការ​រង​ទទួល​ផែន​ ​និង​លោកនាយ​ការិយាល័យ​ ​គ្រប់​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ដែល​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​កំពុង​គ្រប់គ្រង​ដោយ​អង្គភាព​ខ្លួន​ ​ត្រូវ​កាត់​បិត​ស្ទីក​គ័រ​ ​(​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​.​.​.​)​ ​បន្ថែម​ចំណុច​សមស្រប​ណាមួយ​លើ​ ​រថយន្ត​របស់​អង្គភាព​ខ្លួន​។​ ​ជៀសវាង​សាធារណៈ​យល់ថា​ ​ជា​របស់​នាយកដ្ឋាន​ ​នៃ​ក្រសួងមហាផ្ទៃ​។​ ​នាយកដ្ឋាន​គាំទ្រ​ដល់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​មួយចំនួន​បាន​រៀបចំ​ល្អ​ហើយ​»​។​

​មន្រ្តី​នគរបាល​ខេត្តកណ្តាល​ ​បាន​បញ្ជាក់​ថា​ ​ក្រោយពី​សួរនាំ​មន្ត្រី​ទើប​ដឹង​ថា​ ​ឡានទឹក​ទាំងពីរ​គ្រឿង​នោះ​ ​មាន​គេ​ពឹងពាក់​លោក​ ​អ៊ុល​ ​ប៊ុ​នណា​ ​ជា​ស្នងការ​រង​ទទួលបន្ទុក​ផ្នែក​រថយន្ត​ពន្លត់​អគ្គីភ័យ​ ​ពេលនោះ​លោកស្នងការ​រង​ ​បាន​បញ្ជា​ទៅ​លោក​ ​តោ​ ​សឿន​ ​ជា​ប្រធាន​ការិយាល័យ​បង្ការ​ ​និង​ពន្លត់​អគ្គិភ័យ​តែម្តង​។​

​សូម​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃទី២០​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​មានការ​រិះគន់​ចំពោះ​សកម្មភាព​របស់​មន្រ្តី​នគរបាល​ ​ដែល​បាន​យក​រថយន្ត​ពន្លត់​ ​អគ្គីភ័យ​ពីរ​គ្រឿង​ដឹក​ទឹក​ទៅ​លាយ​ស៊ី​ម៉ង់​ត៍​ ​ដើម្បី​ធ្វើ​សំណង់​ ​ខណៈ​ក្រោយមក​នោះ​ ​ក៏​មាន​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង​ ​នៅក្នុង​ឃុំ​ស្វាយរលំ​ ​ស្រុក​ស្អាង​ ​ខេត្តកណ្តាល​ ​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ ​ឆេះ​នៅសល់​តែ​ផេះផង់​មិន​អាច​ជួយ​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close