ដំរី​មួយ​ក្បាល​ត្រូវ​គេ​សម្លាប់​នៅ​ខេត្តមណ្ឌលគិរី​ ​មន្រ្តី​បរិស្ថាន​ថា​ ​ជា​ការ​ស្លាប់​យក​ភ្លុក​

​សត្វ​ដំរីព្រៃ​មួយ​ក្បាល​ត្រូវ​បាន​គេ​ប្រទះឃើញ​ងាប់​នៅក្នុង​ចំការ​របស់​អ្នកស្រុក​ ​នៅក្នុង​ឃុំ​ស្រែ​ខ្ទម្​ព​ ​ស្រុក​កែវសីមា​ ​ខេត្តមណ្ឌលគិរី​ ​កាលពី​យប់​ថ្ងៃទី២៣​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​ដោយ​មន្រ្តី​បរិស្ថាន​ថា​ ​ការ​សម្លាប់​នោះ​ ​គឺ​ដោយសារ​ព្រាន​យក​ភ្លុក​។​

​លោក​ ​នេត្រ​ ​ភក្ត្រា​ ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា​ ​ក្រោយពី​ធ្វើការ​ក្រឡាប់​ ​និង​ពិនិត្យ​ទៅលើ​ដងខ្លួន​សត្វ​ដំរី​ដែល​បាន​ងាប់​នោះ​ ​គឺ​មាន​ស្លាកស្នាម​ប្រវែង​មួយ​ចំអាម​នៅ​ក្រោម​ភ្នែក​ ​ពោល​គឺ​មាន​ធ្លុះ​ចូល​ទៅ​ក្នុង​ ​ដែល​ក្រុម​អ្នកជំនាញ​សន្និដ្ឋាន​ថា​ ​នេះ​គឺជា​ការ​បាញ់សម្លាប់​សត្វ​ដំរី​ដើម្បី​យក​ភ្លុក​ ​ហើយ​ដំរី​ដែល​ត្រូវ​បាញ់សម្លាប់​ ​គឺជា​ដំរី​ឈ្មោល​ ​ហើយ​សត្វ​ដំរី​នេះ​មាន​វ័យ​ចំណាស់​។​

​លោក​ ​នេត្រ​ ​ភក្ត្រា​ ​បាន​បន្ត​ថា​ ​ចំពោះ​សត្វ​ដំរី​ដែល​ងាប់​ ​និង​យក​ទៅ​កប់​នៅកន្លែង​សុវត្ថិភាព​មួយ​ ​ដើម្បី​រក្សា​គ្រោងឆ្អឹង​ ​យក​ទៅ​រក្សាទុក​ ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត​ ​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ជា​ផលប្រយោជន៍​បែប​វិទ្យាសាស្ត្រ​។​ ​ហើយ​ចំពោះ​ករណី​ដំរី​ងាប់​នេះ​ ​គឺ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រកមុខ​អ្នក​ដែល​បាញ់សម្លាប់​សត្វ​ដំរី​យក​ភ្លុក​។​

​ជាមួយគ្នា​នេះ​ ​ក្រសួងបរិស្ថាន​ក៏បាន​ធ្វើការ​ថ្កោលទោស​ ​ជន​ដែល​បាន​បាញ់សម្លាប់​សត្វ​ដំរី​យក​ភ្លុក​ ​ហើយ​ខាង​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​បន្ត​នីតិវិធី​ ​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​ដែល​បាញ់សត្វ​ដំរី​យក​មក​ផ្តន្ទា​ទោស​ ​និង​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ ​ចូលរួម​និង​ការពារ​អភិរក្ស​ធនធាន​ធម្មជាតិ​ ​ការពារ​សត្វព្រៃ​។​

​គួរ​បញ្ជាក់​ថា​នៅក្នុង​ប្រទេស​កម្ពុជា​គឺ​តាម​ការ​សន្និដ្ឋាន​របស់​មន្ត្រី​ជំនាញ​មាន​សត្វ​ដំរី​ប្រមាណ​ជាជាង​ ​៥០០​ ​ក្បាល​ ​ដែល​កំពុង​រស់នៅ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close