នៅខែមេសា និងឧសភា ខាងមុខ សីតុណ្ហភាពប្រទេសកម្ពុជានឹងឡើងរហូតដល់៤២អង្សាសេ
តាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម សីតុណ្ហភាពនៅប្រទេសកម្ពុជានឹងបន្តកើនឡើងថែមទៀតនៅក្នុងសប្តាហ៍នេះក្នុងរង្វង់ ៣៧,៥អង្សាសេ ហើយសប្តាហ៍បន្ទាប់នឹងបន្តកើនឡើងជាលំដាប់រហូតដល់ ៤០-៤២អង្សាសេ នៅខែមេសា និងខែឧសភា ខាងមុខ។
តាមក្រសួងថា បច្ចុប្បន្ននេះ សម្ពាធទាបលើផ្ទៃដី នៅតែបន្តគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែនៅរយៈកំពស់ខ្ពស់ ចាប់ពី៦០០ ទៅ១៥០០ម៉ែត្រ កម្ពុជាយើងទទួលឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ ហើយសំណើមបរិយាកាសមានការប្រែប្រួលខ្លាំង។
លក្ខណៈបែបនេះ នឹងធ្វើឲ្យ កំណួចខ្យល់ មិនអាចប្រមូលផ្តុំពពកទឹកបង្កជាភ្លៀងបាន តែផ្ទុយទៅវិញ វាជាលក្ខខណ្ឌសមប្រកប សម្រាប់ការកកើតឡើងនូវបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់។
ក្នុងនោះ ក្រសួងស្នើឲ្យបងប្អូនប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចនឹងកើតមានជាយថាហេតុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។