កម្ពុជា​ព្រួយបារម្ភ​ចំពោះ​ភាព​តានតឹង​ជាថ្មី​រវាង​ប៉ាគីស្ថាន​ ​និង​ឥណ្ឌា​ ​ហើយ​ស្នើ​ប្រទេស​ទាំងពីរ​រក្សា​ការ​អត់ធ្មត់​

​ក្រោយពី​មាន​ភាព​តានតឹង​ដាក់គ្នា​រវាង​ប្រទេស​ឥណ្ឌា​ ​និង​ប៉ាគីស្ថាន​ ​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ​រហូតដល់​មានការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់​ប្រទេស​ឥណ្ឌា​ផង​នោះ​ ​នៅ​ថ្ងៃម្សិលមិញ​ ​ក្រសួង​ការបរទេស​កម្ពុជា​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ ​ដោយ​ស្នើ​ឲ្យ​ប្រទេស​ជា​មិត្ត​កម្ពុជា​ទាំងពីរ​នេះ​ ​រក្សា​ការ​អត់ធ្មត់​ខ្ពស់​បំផុត​ ​ដើម្បី​ជៀសវាង​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​បន្ត​ថែមទៀត​។​

​ក្រសួង​ការបរទេស​កម្ពុជា​ ​បាន​បង្ហាញ​ជំនឿ​ថា​ ​ប្រទេស​ប៉ាគីស្ថាន​ ​និង​ឥណ្ឌា​ ​អាច​ធ្វើការ​ចរចា​គ្នា​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នា​ពេល​បច្ចុប្បន្ន​ ​និង​ស្វែងរក​ដំណោះស្រាយ​ទំនាស់​តាមមធ្យោបាយ​សន្តិវិធី​។​

​គួរ​បញ្ជាក់​ថា​ ​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​រវាង​ប្រទេស​ឥណ្ឌា​ ​និង​ប៉ាគីស្ថាន​ ​កើត​ចេញពី​ក្រុម​ឧទ្ទាម​វាយប្រហារ​ទៅលើ​ក្បួន​រថយន្ត​ដឹក​ទាហាន​ឥណ្ឌា​បណ្តាល​ឲ្យ​ទាហានជាង៤០នាក់​ស្លាប់​ ​។​ ​ឥណ្ឌា​ក៏បាន​ចោទប្រកាន់​ថា​ ​ក្រុម​ភេរវកម្ម​ដែល​វាយប្រហារ​នោះ​លាក់ខ្លួន​ក្នុង​ប្រទេស​ប៉ាគីស្ថាន​។​

​ហេតុផល​នេះ​ហើយ​ ​ធ្វើឲ្យ​ឥណ្ឌា​បាន​បើក​ការវាយប្រហារ​ទៅលើ​ ​ទីតាំង​ក្រុម​ឧទ្ទាម​នៅក្នុង​ទឹកដី​ប៉ាគីស្ថាន​ ​ដោយ​គ្មាន​ការ​អ​នុញ្ញា​ត្តិ​។​ ​ជាមួយគ្នា​នេះ​ ​ប៉ាគីស្ថាន​ក៏បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​ឥណ្ឌា​ពីរ​គ្រឿង​ផង​ដែរ​ ​។​ ​ចំណែក​ឥណ្ឌា​វិញ​ ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង១គ្រឿង​ដែរ​ ​ជា​ការសងសឹក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close