គណៈកម្មការរៀបចំគម្រោងព្រលានយន្តហោះបញ្ជាក់ថា ទីតាំងគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ
បន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការរៀបចំគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលជាប្រភេទព្រលានខ្នាតធំរួចមក នៅថ្ងៃទី២៨ កុម្ភៈ ម្សិលមិញ គណៈកម្មការមួយនេះបានបើកកិច្ចប្រជុំដំបូងរបស់ខ្លួន ដោយក្នុងនោះ បានបញ្ជាក់ថា ទីតាំងព្រលានយន្តហោះថ្មីនេះ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២៦០០ហិកតា។
ក្នុងកិច្ចប្រជុំនោះ គណៈកម្មការក៏បានប្រគល់ភារកិច្ចជូនរដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តតាកែវ និងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ កំណត់អត្តសញ្ញាណ ប្រជាពលរដ្ឋដែលមានដីនៅក្នុងទីតាំងគម្រោងឲ្យបានច្បាស់លាស់ ដោយផ្អែកទៅតាមការកាន់កាប់ជាក់ស្តែង និងឯកសារពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ។ ជំហានបន្ទាប់តាមការចាំបាច់ ផ្អាកជាបណ្តោះអាសន្ន ការធ្វើចរន្តការដីស្ថិតក្នុងទីតាំងដែលបង្កការលំបាក និងរាំងស្ទះដល់ដំណើរការអនុវត្តន៍គម្រោង។
ជាមួយគ្នាគណៈកម្មការក៏បានស្នើស្ថាប័នពាក់ព័ន្ធគិតគួរជាមុនអំពីហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ជាអាទិ៍ ការបង្កប់បំពង់ហ្គាស បណ្តាញផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធលូ ខ្សែកាបអុបទិក អាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវមុនបង្ហូរចូលលូសាធារណៈ អង់តែនទូរស័ព្ទ និងហេដ្ឋារចនាសម្ព័ន្ធក្រោមដីផ្សេងទៀត ចៀសវាងរៀបចំតាមក្រោយដែលបង្កឱ្យខូចខាតដល់ផ្លូវថ្នល់ ជាពិសេស ប្រព័ន្ធការពារ និងរំដោះទឹកជំនន់។
ស្ក្នុងនោះស្នើក្រុមហ៊ុនបង្កើតទីស្នាក់ការបណ្តោះអាសន្នសម្រាប់ធ្វើការនៅលើទីតាំង ជ្រើសរើសបុគ្គលិកចេញពីមូលដ្ឋានដែលមាន កាយសម្បទា និងលក្ខណសម្បត្តិ តាមចំនួនសមស្រប មកបម្រើការងារចាំបាច់ក្នុងការអនុវត្តគម្រោង។ជំហានបន្ទាប់ អាចជ្រើសរើសបុគ្គលិកបន្ថែម តាមតម្រូវការជាក់ស្តែង។
គួររម្លឹកថា ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ខូអិលធីឌី ឯ.ក ទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការវិនិយោគអភិវឌ្ឍន៍សាងសង់អាកាសយានដ្ឋានអន្តរជាតិលំដាប់ថ្នាក់ 4F ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្តាលនិងខេត្តតាកែវ លើទំហំផ្ទៃដី ២.៦០០ហិកតា ក្រោមទុនវិនិយោគ១.៥០០លានដុល្លារសហរដ្ឋអាមេរិក ដោយក្នុងនោះ ក្រុមហ៊ុន OCIC មានទុន៩០ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលមានទុន១០ភាគរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។