អ្នកនាំពាក្យអាកាសចរស៊ីវិល៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅ ខេត្តកណ្តាលមានស្តង់ដារប្រហាក់ប្រហែលអាកាសយានដ្ឋានប្រទេសអាស៊ានមួយចំនួន
អ្នកនាំពាក្យអាកាសចរស៊ីវិលបានឲ្យដឹងថា ការបង្កើតអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញថ្មីខ្នាត 4F លើផ្ទៃដីទំហំ ២៦០០ហិកតា ដែលអាចទទួលយន្តហោះខ្នាតធំបានស្ថិត នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ គឺមានស្តង់ដារប្រហាក់ប្រហែលអាកាសយាន ដ្ឋានប្រទេសអាស៊ានមួយចំនួន។
លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះមានទំហំប្រហាក់ប្រហែល នឹងអាកាសយានដ្ឋាននៅប្រទេសថៃ និងប្រទេសសិង្ហបុរី ដែលអាចប្រើប្រាស់ សម្រាប់ឲ្យយន្តហោះធុនធំហោះហើរផ្លូវឆ្ងាយរយៈពេលពី១២ ដល់ ១៦ម៉ោង ដូចជាទៅបារាំង ឬសហរដ្ឋអាមេរិក ហោះហើរចេញឬចុះចតបាន។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា ការហោះហើរចន្លោះ១៥ទៅ១៦ម៉ោងចេញ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ទោះទៅទិសខាងកើតក៏ដោយ ខាងលិចក៏ដោយគឺស្មើពាក់កណ្តាលផែនដី ហើយនៅពេលអាកាសយានដ្ឋាននេះកើតឡើង វានឹងអាចឲ្យអ្នកដំណើរមកដល់កម្ពុជាដោយផ្ទាល់ ដោយមិនបាច់ចុះចតនៅប្រទេសណា មួយមុនមកដល់កម្ពុជាដែលជាការខាតពេលវេលានោះទេ។
លោកបន្ថែមថា កម្ពុជានឹងទទួលបានភ្ញៀវទេសចរច្រើន ហើយប្រជាពលរដ្ឋកម្ពុជា ក៏មានការងារធ្វើច្រើននៅពេលយើងមានជើងហោះហើរត្រង់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោកដោយផ្តើមចេញពីការវិនិយោគអាកាសយានដ្ឋានថ្មីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។