អាជ្ញាធរជាតិអប្សរា ហាមមិនឲ្យមានការបរិភោគអាហារនៅក្នុងបរិវេណប្រាសាទនៅតំបន់អង្គរ
ការបរិភោគអាហារក្នុងបរិវេណប្រាសាទ ក្នុងពេលទស្សនាប្រាសាទនៅតំបន់រមណីយដ្ឋានអង្គរ មិនត្រូវបានអនុញ្ញាតិឡើយ។ នេះបើតាមសេចក្តីជូនដឹងរបស់អាជ្ញាធរជាតិអប្សរា ចេញផ្សាយកាលពីថ្ងៃទី២៨ កុម្ភៈ កន្លងទៅនេះ។
ការហាមនេះ គឺក្នុងន័យដើម្បីថែរក្សាការពារនូវតម្លៃដ៏វិសេសវិសាល នៃមរតកដូនតាខ្មែរយើង និងដើម្បីរក្សាបាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ អនាម័យក្នុងបរិវេណប្រាសាទ។
ក្នុងនោះ អាជ្ញាធរជាតិអប្សរា បានធ្វើការណែនាំ៣ចំណុច៖
- ហាមបរិភោគអាហារក្នុងបរិវេណប្រាសាទ ក្នុងពេលទស្សនាប្រាសាទ ជាពិសេសអាហារវេចខ្ចប់ក្នុងអំឡុងពេលទស្សនាថ្ងៃរះ និងថ្ងៃលិច។
- ភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍ ក៏ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ ត្រូវជួយណែនាំភ្ញៀវរបស់ខ្លួនកុំឲ្យបរិភោគអាហារវេចខ្ចប់ នៅក្នុងបរិវេណប្រាសាទ។
- គ្រឹះស្ថានអង្គរសូមជួយណែនាំភ្ញៀវ និងហាមឃាត់មិនឲ្យមានការវេចខ្ចប់អាហារចូលទស្សនាប្រាសាទទាំងក្នុងអំឡុងពេលទិញបណ្ណ និងពេលពិនិត្យបណ្ណចូលទស្សនាប្រាសាទ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។