កម្ពុជា និងឡាវ ត្រៀមបើកច្រកព្រំដែនទ្វេភាគីបន្ថែមទៀត
កម្ពុជា និងឡាវ កំពុងពិនិត្យលទ្ធភាពបង្កើតច្រកព្រំដែនបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងពាណិជ្ជកម្ម ការធ្វើដំណើររវាងប្រជាពលរដ្ឋប្រទេសទាំងពីរ ឱ្យកាន់តែមានភាពងាយស្រួល។
ការបញ្ជាក់ជំហរខាងលើនេះគឺធ្វើឡើងបន្ទាប់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក Vilay Lakhamephong រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណរដ្ឋប្រជាធិបតេយ្យឡាវ បានចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ រវាងក្រសួងទាំងពីរ កាលពីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីជំនួបនេះ លោក ផាត សុផានិត ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការពិនិត្យលទ្ធភាពបើកច្រកអន្តរជាតិបន្ថែមរវាងប្រទេសទាំងពីរនេះ គឺដើម្បីសម្រួលការធ្វើដំណើរការផ្លាស់ប្តូរពាណិជ្ជកម្ម ដែលជាទិសដៅសំខាន់នៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។
លោកបន្ដថា ភាគីទាំងពីរ ប្រកាសរួមគ្នាក្នុងការបង្ការ បង្រ្កាប និងទប់ស្កាត់បញ្ហាគ្រឿងញៀន ដោយ ភាគីទាំងពីរ នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា មិនឲ្យបញ្ហានេះមកគ្របដណ្តប់លើប្រជាជន នៃប្រទេសទាំងពីរឡើយ។ លោកបន្ថែមទៀតថា ភាគីទាំងពីរក៏បានធ្វើការណែនាំឲ្យអាជ្ញាធរ នៅតាមបន្ទាត់ព្រំដែនបន្តរក្សាកិច្ចសហប្រតិបត្តិការឱ្យល្អប្រសើរ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើដំណើរផ្លាស់ប្តូរគណៈប្រតិភូ ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជា និងឡាវមានច្រកព្រំដែន រួមគ្នាតែមួយប៉ុណ្ណោះ គឺច្រកត្រពាំងគ្រៀល-ណងណុងឃៀន ដែលស្ថិតនៅក្នុងខេត្តស្ទឹងត្រែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។