ចាប់គ្រឿងសមុទ្រផ្ទុកសារធាតុគីមីជាង៧តោននាំចូលពីប្រទេសវៀតណាម
កាលពីវេលាទៀបភ្លឺថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចបានធ្វើការបង្រ្កាប ករណីនាំចូលគ្រឿងសមុទ្រខុសច្បាប់ពីប្រទេសវៀតណាម ដោយរឹបអូសបង្គារគីមីចំនួនជាង៧តោន។
ការបង្រ្កាបនេះ បានធ្វើឡើងនៅចំណុចគីឡូម៉ែត្រលេខ១៥ តាមបណ្តោយផ្លូវជាតិលេខ៣ ដោយសមត្ថកិច្ចធ្វើការឃាត់រថយន្តចំនួន៣គ្រឿង 1-ម៉ាក HYUNDIA ស្លាកលេខ 3A 0869, 2-ម៉ាកសាំងយ៉ុងកែឆ្នៃ ស្លាកលេខ 2A 0342, 3-ម៉ាក HYUNDIA គ្មានស្លាកលេខ។
ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ចចម្រុះ បានឆែកឆេរជាក់ស្តែងរកឃើញ៖ បង្គាមានចាក់សារធាតុម្យ៉ាងខាប់ដូចចាហួយចូលក្បាលបង្គា និងគ្រឿងសមុទ្រមួយចំនួន គ្មានច្បាប់អនុញ្ញាតចំនួន ៣៧៦កេស មានទម្ងន់ប្រមាណ ៧៥២០គីឡូក្រាម។
តាមសមត្ថកិច្ចថា ក្រោយការចាប់ វត្ថុតាងទាំងអស់ត្រូវដកហូតរក្សាទុកជាបណ្តោះអាសន្ននៅនាយកដ្ឋាន ដោយយកវត្ថុតាងមួយចំនួនទៅធ្វើការពិសោធន៍រកសារធាតុហាមឃាត់ ហើយនិងបន្ទាប់មកបានយកបង្គាដែលមានចាក់បញ្ចូលសារធាតុ និងគ្មានច្បាប់ យកទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមបឹងជើងឯក នាល្ងាចថ្ងៃដដែល និងបាននាំខ្លួនអ្នកបើកបររថយន្តចំនួន ៣នាក់ទៅសាកសួរបំភ្លឺនៅនាយកដ្ឋាន ដើម្បីស្វែងរកម្ចាស់បន្តនីតិវិធីតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។