ក្រុម​អ្នកស្រាវជ្រាវ​អះអាង​ថា​ ​ខ្មែរ​ជា​អ្នករកឃើញ​លេខ​សូន្យ​មុនគេ​ក្នុងចំណោម​បណ្តា​ប្រទេស​ ​លើ​ពិភពលោក​

ក្រុម​សាស្ត្រ​ចារ្យ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ ​បាន​បញ្ជាក់​ថា​ ​ខ្មែរ​គឺជា​អ្នកបង្កើត​លេខ​សូន្យ​មុនគេ​នៅក្នុងចំណោម​ប្រទេស​លើ​ពិភពលោក​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​សន្និសីទ​ស្តី​ពី​ប្រវត្តិ​គណិតវិទ្យា​លេខ​សូន្យ​ ​កាលពី​ព្រឹក​ថ្ងៃទី១៩​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ ​កូរ៉េ​ ​(​CKCC​)​ ​លោក​សាស្ត្រា​ចារ្យ​ ​ប៉ាត់​ ​ស៊ុយ​គ្រី​ ​ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​ស្ម័គ្រចិត្ត​ខ្មែរ​ ​បាន​គូសបញ្ជាក់​ថា​ ​លេខ​សូន្យ​គឺ​ប្រទេសខ្មែរ​ជា​អ្នករកឃើញ​មុនគេ​។​ ​លោក​សាស្រ្ដា​ចារ្យ​បន្ត​ថា​ ​លេខ​សូន្យ​ត្រូវ​បាន​គេ​សរសេរ​តំណាង​ឲ្យ​លេខ​ដែលគេ​សរសេរជា​តួអក្សរ​គឺ​លេខ៦០៤​ ​ហើយ​លេខ​សូន្យ​នេះ​ត្រូវ​បាន​សិក្សា​ជាច្រើន​ឆ្នាំ​មក​ហើយ​។​ ​លោក​សាស្ត្រា​ចារ្យ​បាន​បញ្ជាក់​ថា​ ​“​យើង​ ​ខ្ញុំ​បាន​សិក្សា​ក្នុង​ផ្សព្វផ្សាយ​លេខ​សូន្យ​នេះ​អស់​រយៈពេល៥ឆ្នាំ​មក​ហើយ​ ​ដើម្បីឲ្យ​ខ្មែរយើង​ ​ដឹង​ថា​ខ្មែរយើង​ជា​អ្នកបង្កើត​”​។​

​ចំណែក​លោក​សាស្ត្រា​ចារ្យ​ ​វង់​ ​សុធា​រ៉ា​ ​ប្រធាន​ដេ​ប៉ាតឺ​ម៉ង់​ផ្នែក​សិលាចារឹក​ ​ប្រវត្តិសាស្ត្រ​ខ្មែរ​ ​និង​អាស៊ី​អាគ្នេយ៍​ ​បាន​លើកឡើង​ថា​ ​ប្រទេសខ្មែរ​មាន​ប្រវត្តិសាស្ត្រ​យូរអង្វែង​ ​ជាងគេ​ដោយសារតែ​មាន​ចារ​អក្សរ​នៅ​លើ​ថ្ម​ ​ទើប​ដឹង​ថា​ ​ខ្មែរ​ជា​អ្នកបង្កើត​។​

​លោក​សាស្រ្ដា​ចារ្យ​បន្ថែម​ថា​ ​“​អក្សរ​នៅ​លើ​ថ្ម​គឺជា​ប្រភព​ភស្តុតាង​រឹង​មួយ​ដែល​មិន​អាច​ ​អ្នកណា​ម្នាក់​កែប្រែ​បានទេ​ ​ហើយ​ភាគច្រើន​សុទ្ធសឹង​ជាឯក​សារ​សហ័ស​សម័យ​ ​គឺ​គេ​សរសេរ​ ​កាលពី​ពេលណា​ ​ហើយ​វា​បន្សល់ទុក​រហូតដល់​សព្វថ្ងៃ​អត់មាន​អ្នកណា​កែ​បានទេ​”​។​

​លោក​សាស្រ្ដា​ចារ្យ​ក៏បាន​លើកឡើង​ថា​ ​ចំពោះ​តួលេខ​ ​ឬ​អក្សរ​នោះ​ខ្មែរយើង​មិនបាន​បង្កើត​អក្សរ​ ​ដោយខ្លួនឯង​នោះ​ទេ​ ​គឺ​យើង​យក​តួអក្សរ​ពី​ប្រទេស​ឥណ្ឌា​ ​ដូច្នេះ​ទាំង​អក្សរ​និង​លេខ​មក​ពី​ស្រុក​ឥណ្ឌា​។​ ​លោក​សា​ស្ដ្​រា​ចារ្យ​បាន​ពន្យល់​បន្ថែម​ថា​ ​គ្រាន់តែ​ថាតាម​រយៈ​ការស្រាវជ្រាវ​កន្លងមក​តួលេខ​សូន្យ​ ​យើង​រក​ឃើញថា​មាននៅ​លើ​ផ្ទាំងសិលា​ចារឹក​ខ្មែរយើង​ដែល​ចាស់​ជាងគេ​នៅ​លើ​ពិភពលោក​”​។​

​លោក​សាស្ត្រា​ចារ្យ​ក៏បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ខ្មែរយើង​ពិបាក​ក្នុង​ការ​និយាយ​ថា​ខ្មែរ​ ​ជា​អ្នកបង្កើត​លេខ​សូន្យ​ ​ព្រោះថា​ពាក្យ​ថា​លេខ​សូន្យ​នោះ​គឺ​កើត​ចេញពី​ពាក្យ​បាលី​សំស្ក្រឹត​ ​ហើយ​អាច​អះអាង​ថា​ ​លេខ​សូន្យ​ដែល​យើង​កំពុង​ប្រើ​គឺ​មាន​វ័យ​ចំណាស់​ជាងគេ​នៅក្នុង​ពិភពលោក​ ​ដែល​ចាស់​ជាង​ស្រុក​ឥណ្ឌា​ ​ចាស់​ជាង​ស្រុក​ជ្វា​ ​និង​កន្លែង​ដទៃទៀត​។​

​ជាមួយគ្នា​នេះ​ដែរ​ ​លោក​សាស្ត្រា​ចារ្យ​ក៏បាន​អះអាង​ទៀត​ថា​ ​តួលេខ១​ ​ដល់​លេខ៩​ ​គឺ​មាន​ ​លក្ខណៈ​ស្រដៀងគ្នា​លេខ​នៅក្នុង​ស្រុក​ឥណ្ឌា​ ​និង​លេខ​អារ៉ាប់​ ​។​ ​លេខ១​,​ ​២​,​ ​៣​,​ ​៤​,​ ​៥​ ​,​៦​ ​,​៧​ ​នៅ​សម័យ​អង្គរ​ដូច​នឹង​លេខ​អារ៉ាប់​សព្វថ្ងៃ​ ​ប៉ុន្តែ​លើកលែងតែ៨​ ​និង៩​ ​មាន​លក្ខណៈ​ខុសគ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close