អគ្គនាយកដ្ឋានគយ រៀបចំបណ្តុះបណ្តាលមន្រ្តីពី តម្លៃគិតពន្ធគយ
ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “តម្លៃគិតពន្ធគយ”ក្រោមអធិបតីភាពរបស់លោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងចំណេះដឹងរបស់មន្រ្តីគយនិងរដ្ឋាករកម្ពុជា លើផ្នែកបច្ចេកទេសតម្លៃគិតពន្ធគយដោយមានការចូលរួមពីមន្ត្រីពីបណ្តាអង្គភាពគយនិងរដ្ឋាករមូលដ្ឋាននានា ចំនួន ៦១ រូប។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក នួន ច័ន្ទរិទ្ធ បានគូសបញ្ជាក់ថាការងារកំណត់តម្លៃគិតពន្ធគយនេះជាកត្តាគន្លឹះក្នុងការគាំទ្រចូលរួមចំណែកដល់ការប្រមូលពន្ធអាករបានត្រឹមត្រូវប្រកដោយសមធម៌។ ជាមួយនេះដែរ វគ្គបណ្តុះបណ្តាលលើប្រធានបទនេះ មានភាពចាំបាច់ដែលត្រូវធ្វើឡើងជាប់ជាប្រចាំដើម្បីពង្រឹងសមត្ថភាពមន្រ្តីជំនាញ ក៏ដូចជាចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពនៃការកៀរគរចំណូលគយ ក៏ដូចជាសម្រេចតាមយុទ្ធសាស្ត្រកែទម្រង់និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣។ វគ្គបណ្តុះបណ្តាលនេះគឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ទទួលបាននូវពុទ្ធិថ្មីៗ តាមរយៈការចែករំលែកចំណេះដឹង និងបទពិសោធន៍ស្របតាមការវិវត្តថ្មីៗពាក់ព័ន្ធនឹងការងារផ្ទៀងផ្ទាត់តម្លៃគិតពន្ធគយដែលរួមមាន ៖ បទប្បញ្ញត្តិពាក់ព័ន្ធនឹងតម្លៃគិតពន្ធគយ, វិធីសាស្ត្រកំណត់តម្លៃគិតពន្ធគយ, លក្ខខណ្ឌទិន្នន័យអប្បបរមានៅលើវិក្កយបត្រ និងការធ្វើលំហាត់អនុវត្តផ្ទាល់។ បន្ថែមពីនេះ លោកអគ្គនាយករងក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឲ្យចូលរួមសកម្មក្នុងការសិក្សាស្វែងយល់ ពិភាក្សា និងចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកក្នុងគោលបំណងដើម្បីទទួលបាននូវលទ្ធផលផ្លែផ្កាដ៏ល្អពីវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកទៅបំពេញការងារជាក់ស្តែងឲ្យកាន់តែមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។