លទ្ធផលបណ្តោះអាសន្នក្រៅផ្លូវការ ក្នុងការបោះឆ្នោតថៃ
គណៈកម្មការរៀបចំការបោះឆ្នោតថៃនៅរសៀលថ្ងៃទី២៥ខែមីនា បានប្រកាសលទ្ធផលក្រៅផ្លូវការ តាមរូបមន្តបោះឆ្នោតផ្ទាល់ បង្ហាញឲ្យឃើញថា គណបក្សភឿថៃរបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ទទួលបាន១៣៨កៅអីក្នុងសភា ចំណែកគណបក្ស Palang Pracharat របស់នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់ អូចាទទួលបាន៩៨កៅអី។
ចំណែកលទ្ធផលទាំងអស់ រួមទាំង ១៥០កៅអី បែងចែកតាម លទ្ធផលសន្លឹកឆ្នោតសកល គឺត្រូវរងចាំដល់ថ្ងៃទី២៩ខែមីនា ។ ចំណែកលទ្ធផលផ្លូវការ នឹងត្រូវប្រកាស់ នៅថ្ងៃទី ៩ខែឧសភា។ ដូច្នេះនៅពេលនេះ មិនទាន់ប្រាកដថាគណបក្សណាមួយ ជាអ្នកឈ្នះក្នុងការបោះឆ្នោតនោះឡើយ។
អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នាថ្ងៃចន្ទនេះបាននិយាយថា លោកបានដឹងមុនច្បាស់ណាស់ថា របបសឹកថៃដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ គឺចង់តែនៅបន្តក្តោបក្តាប់អំណាច ប៉ុន្តែលោកនឹកស្មានមិនដល់ឡើយថា រដ្ឋាភិបាលយោធាហ៊ានដល់ត្រៀមលក្ខណៈបំផ្លាញប្រព័ន្ធលទ្ធិប្រជាធិបតេយ្យមួយទាំងមូល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The New York Times នៅយប់ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។
ទាក់ទិននឹងការពន្យារពេលបញ្ចេញលទ្ធផលឋបមនៃការបោះឆ្នោត តាំងពីយប់ថ្ងៃអាទិត្យរហូតមកដល់ថ្ងៃចន្ទនេះ លោក ថាក់ស៊ីន បានលើកឡើងថា វាពុំធ្លាប់មានការពន្យារពេលរបៀបនេះឡើយ ក្នុងប្រវត្តិសាស្រ្តបោះឆ្នោតនាសម័យទំនើបរបស់ប្រទេសថៃ ហើយប្រការនេះបានបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលយោធាកំពុងតែមានការភ័យខ្លាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។