រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​ស្នើ​កុំ​ឲ្យ​មានការ​តម្លើង​តម្លៃ​សាច់​ជ្រូក​ ​ខណៈ​ប្រទេស​វៀតណាម​កំពុង​មាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​

​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​កម្ពុជា​ ​ក្នុង​សិក្ខាសាលា​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ​ស្តី​ពី​ ​«​វិធានការ​ការពារ​ ​និង​ទប់ស្កាត់​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​កម្ពុជា​»​ ​កាលពី​ថ្ងៃម្សិលមិញ​ ​បាន​ស្នើ​ដល់​ម្ចាស់​សត្វឃាត​ ​និង​អាជីវករ​លក់​សាច់​ជ្រូក​ទាំងអស់​ ​សូមកុំ​តម្លើង​ថ្លៃ​ ​ខណៈ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​កំពុង​រីក​រាលដាល​នៅ​ប្រទេស​វៀតណាម​ ​ក្បែរ​ខាងយើង​នេះ​។​

​លោក​ ​វ៉េ​ង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​កសិកម្ម​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ការ​រីក​រាលដាល​យ៉ាង​ស្រួច​ស្រាវ​នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅ​ប្រទេស​វៀតណាម​ ​ប្រាកដជា​នឹង​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​គ្រប់​កម្រិត​ ​រួម​ទាំង​អាជីវករ​ ​ម្ចាស់​សត្តឃាតដ្ឋាន​ ​ក្រុមហ៊ុន​ផលិត​ចំណី​ជ្រូក​ ​ដេប៉ូ​លក់​ចំណី​ជ្រូក​ ​និង​ជាពិសេស​អ្នក​បរិភោគ​សាច់​ជ្រូក​។​ល​។​ ​ក្តី​បារម្ភ​របស់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នេះ​ ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​មិនបាន​ព្រងើយកន្តើយ​ ​ហើយ​ជានិច្ចកាល​តែងតែ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ជួយការ​ពារ​ផលប្រយោជន៍​របស់​កសិករ​។​

​ជាក់ស្តែង​ក្រសួង​បាន​ណែនាំ​ឲ្យ​អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ ​និង​ផលិតកម្ម​សត្វ​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដោយ​ត្រូវ​សហការ​ជាមួយ​អន្តរ​ស្ថាប័ន​ ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពិសេស​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ ​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​ ​ផលិតករ​ ​អាជីវករ​ ​ដោយ​ត្រូវ​រូ​ម​គ្នា​អនុវត្តយ៉ាង​ខ្ជាប់ខ្ជួន​នូវ​ខ្លឹមសារ​នៃ​សារាចរ​ណែ​ ​នាំ​លេខ១១៩​ ​សរ​ណន.កសក​ ​ចុះ​ថ្ងៃទី២១​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​ស្តី​ពី​វិធានការ​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ​ ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ​ជាបន្ទាន់​។​

​ជាមួយគ្នា​នេះ​ ​លោក​ណែនាំ​ឲ្យ​ប្រធានមន្ទីរ​ ​និង​មន្រ្តី​ពេទ្យសត្វ​ខេត្ត​ទាំង​ ​៧ដែល​មាន​ព្រំ​ ​ប្រទល់​ជាប់​ប្រទេស​វៀតណាម​ត្រូវ​បង្កើន​ស្មារតី​យកចិត្ត​ទុកដាក់​ ​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ត្រូវ​អនុវត្ត​ខ្លឹម​សារាចរណែនាំ​លេខ១១៩​ ​ឲ្យ​មានប្រសិទ្ធភាព​។​

​ជាមួយគ្នា​នេះ​ ​អ្នក​ចិញ្ចឹម​ ​ម្ចាស់​សត្តឃាតដ្ឋាន​ ​អាជីវករ​លក់​សាច់​ ​ត្រូវ​ចូលរួម​សហការ​រក្សា​តម្លៃ​សាច់​ជ្រូក​ឲ្យ​នៅ​ដដែល​ ​ដោយ​មិន​ត្រូវ​ឆក់ឱកាស​តម្លើង​តម្លៃ​សាច់​ជ្រូក​ជាដាច់ខាត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close