កម្ពុជា​-​ជប៉ុន​ ​សម្រេច​ចុះ​អនុស្សរណៈ​ជាមួយគ្នា​លើ​ការ​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​

​កម្ពុជា​ ​និង​ជប៉ុន​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​បានសម្រេច​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​ ​នៃ​ការយោគយល់​គ្នា​ ​ស្តី​ពី​ការ​បញ្ជូន​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។​

​លោក​ ​Takashi​ ​YAMASHITA​ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ​នៃ​ប្រទេស​ជប៉ុន​ ​ដែល​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ​ ​បាន​លើកឡើង​ថា​ ​កាលពី​ឆ្នាំ​កន្លងទៅ​ ​កម្ពុជា​-​ជប៉ុន​ ​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី៦៥នៃ​ទំនាក់​ ​ទំនងការ​ទូត​កម្ពុជា​ជប៉ុន​ ​ហើយ​ការ​ចុះ​អនុស្សារ​ណៈ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ស្តី​ពី​ពលករ​ ​ជំនាញ​នេះ​ ​ជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ទំនាក់ទំនង​ដ៏​ស្អិត​រមួត​ ​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

​លោក​ ​អ៊ិ​ត​ ​សំ​ហេង​ ​រដ្ឋមន្រ្តី​ក្រសួងការងារ​កម្ពុជា​ ​បាន​គូសបញ្ជាក់​ថា​ ​បច្ចុប្បន្ន​នេះ​ ​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ​ ​សិក្សា​ ​និង​ធ្វើការ​ ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ១១.០០០នាក់​ ​ក្នុង​នោះ​ ​ពលករ​ជំនាញ​មាន​ប្រមាណ​ ​ជិត៧.០០០នាក់​។​ ​តាមរយៈ​អនុស្សារ​ណៈ​នៃ​កិច្ច​សហប្រតិបត្តិ​ការ​នេះ​ ​ពលករ​ជំនាញ​កម្ពុជា​នឹង​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​យក​ឱកាស​មាស​នេះ​ ​ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង​ ​សម្រាប់​កម្ពុជា​ផង​ ​ក៏ដូចជា​ចូលរួម​ចំណែក​ដោះស្រាយ​ ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​របស់​ជប៉ុន​ ​ជាពិសេស​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​គ្រប់ជ្រុងជ្រោយ​ ​ជា​យុទ្ធ​សាស្រ្ត​នៃ​ប្រទេស​ទាំងពីរ​។​

​សូម​រម្លឹក​ថា​ ​រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ទទួល​ជនភៀសខ្លួន​ ​និង​ការគ្រប់គ្រង​ជន​អន្តោប្រវេសន៍​ ​កាលពី​ថ្ងៃទី០៨​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​កន្លងមក​ ​ដោយ​បង្កើត​ទិ​ដ្ឋា​កា​ការងារ​ថ្មី​ចំនួន២ប្រភេទ​គឺ​ ​“​ពលករ​ជំនាញ១​”​ ​និង​ ​“​ពលករ​ជំនាញ២​”​។​ ​ច្បាប់​នេះ​នឹង​ចាប់ផ្តើម​អនុវត្តន៍​នៅ​ថ្ងៃទី០១​ ​ខែមេសា​ ​ឆ្នាំ២០១៩ខាងមុខ​។​

​ជាមួយគ្នា​នេះ​ ​ជប៉ុន​គ្រោង​ ​ទទួលយក​ពលករ​ជំនាញ​ទាំង២ប្រភេទ​ ​ពី​ប្រទេស​ចំនួន៨​ ​រួមមាន​ ​កម្ពុជា​ ​ចិន​ ​វៀតណាម​ ​ហ្វីលីពីន​ ​ឥណ្ឌូណេស៊ី​ ​ថៃ​ ​មីយ៉ាន់ម៉ា​ ​និង​នេប៉ាល់​ ​ចំនួន៣៤៥.១៥០នាក់​ ​ក្នុងរយៈពេល៥ឆ្នាំ​ដំបូង​ ​ក្នុង​នោះ​ពលករ​ជំនាញ​សម្រាប់​ការងារ​ចំនួន១៤ប្រភេទ​ ​រួមមាន​ផ្នែក​ថែទាំ​មនុស្សចាស់​ ​ការ​សម្អាត​អគារ​ ​ការផលិត​គ្រឿងបន្លាស់​ ​ការផលិត​គ្រឿងម៉ាស៊ីន​ ​ការផលិត​គ្រឿងអគ្គិសនី​ ​និង​គ្រឿង​អេឡិចត្រូនិក​ ​ការងារ​សំណង់​ ​ការផលិត​នាវា​ ​ការ​ជួសជុល​ ​និង​ដំឡើងរថយន្ត​ ​ការ​ ​ងារ​អាកាសចរណ៍​ ​ការរៀបចំ​បន្ទប់​ស្នាក់នៅ​ ​កសិកម្ម​ ​នេសាទ​ ​និង​វារីវប្បកម្ម​ ​ការផលិត​អាហារ​ ​និង​ភេសជ្ជៈ​ ​និង​ការងារ​នៅ​ភោ​នី​យ​ដ្ឋាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close