បញ្ជូនខ្លួនជនសង្ស័យ៥នាក់ទៅតុលាការ ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់បុរសម្នាក់នៅស្រុកបាភ្នំ
លោក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃបានថ្លែងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះថា បន្ទាប់ពីបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងក្តៅគគុករយៈពេលប៉ុន្មានថ្ងៃនេះ ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់បុរសម្នាក់កាលពីម៉ោង២៣យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចភូមិគោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយច្រឡំថាជាចោរលួចរថយន្តនោះ ឥឡូវនេះមនុស្សពាក់ព័ន្ធចំនួន៥នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រៃវែងហើយ។
បើតាមសមត្ថកិច្ច មនុស្សទាំង៥នាក់ដែលត្រូវបញ្ជូនទៅកាន់តុលាការនៅព្រឹកមិញ រួមមានឈ្មោះ ជឹម រតនៈ, ឈ្មោះ ជឹម វិន ដែលជាអ្នកបាញ់ ចោទពីបទផ្ទុះអាវុធ បណ្តាលឲ្យស្លាប់មនុស្ស, ឈ្មោះ សេង ឈិន និងមិត្តភក្តិចំនួន ២នាក់ទៀត ចោទពីបទផ្តល់សក្ខីកម្ម មិនពិត។
គួរបញ្ជាក់ថា ដើមចម នៃរឿងបាញ់សម្លាប់នោះ គឺដំបូងឡើយជនរងគ្រោះដែលមានឈ្មោះ យ៉ន រ៉ាវុទ្ធ ជាម្ចាស់រថយន្ត បានយកប្រាក់ចំនួន ៣០០០ដុល្លារសហរដ្ឋអាមេរិកពីឈ្មោះ សេង ឈិន ទៅលួសយករថយន្តរបស់ខ្លួន ដែលបានដាក់បញ្ចាំ រួចយករថយន្តនោះ មករកស៊ីជាមួយគ្នា ដោយជួលឲ្យជនជាតិចិន បានរយៈពេល៣ខែ ហើយក្នុង ១ខែ ទទួលបាន៤៥០ដុល្លារសហរដ្ឋអាមេរិក។
លុះដល់ថ្ងៃកើតហេតុ ដោយសាររថយន្តនោះខូច និងដោយមានការខ្វែងគំនិតគ្នា ជនរងគ្រោះបានយករថយន្តនោះ មកជួសជុល ដែលជាមូលហេតុ បណ្តាលឲ្យឈ្មោះ សេង ឈិន ចោទថា ជាករណីលួចឡាន និងបានទាក់ទងទៅសមត្ថកិច្ចឲ្យតាមចាប់ និងឈានមានការបាញ់ដោយកាំភ្លើងចំនួន១០គ្រាប់ ដោយឈ្មោះ ជឹម រតនៈ ជានាយផ្នែកអន្តោប្រវេសន៍ ស្រុកព្រះស្តេច និងឈ្មោះ ជឹម វិន ជាមន្ត្រីប៉ុស្តិ៍កំពង់សឹង្ហ ដោយក្នុងនោះគ្រាប់កាំភ្លើង៥ គ្រាប់បានចំទៅលើជនរងគ្រោះ បណ្តាលឲ្យស្លាប់។
ដោយយោងលើ អង្គហេតុខាងលើនេះ សមត្ថកិច្ចបានចាត់វិធានការតាមនីតិវិធី បានបញ្ជូនឈ្មោះ ជឹម រតនៈ និងឈ្មោះ ជឹម វិន ដែលជាអ្នកបាញ់ទៅតុលាការ ពីបទ ផ្ទុះអាវុធ បណ្តាលអោយស្លាប់មនុស្ស និងអ្នកចូលរួមត្រូវបញ្ជូន ឈ្មោះ សេង ឈិន និងមិត្តភក្តិចំនួន ២នាក់ទៀត ទៅតុលាការ ដោយ ចោទពីបទ ផ្តល់សក្ខីកម្ម មិនពិត។
ដោយឡែកមេប៉ុស្តិ៍កំពង់សឹង លោក ជា ឡាឌីន ដែលដឹកនាំកម្លាំងដោយអត្តនោម័តពិន័យ ក្រោមរូបភាពដកមុខតំណែងពីមេប៉ុស្តិ៍ ដើម្បីស្រាវជ្រាវបន្ត។ រីឯមនុស្សចំនួន ៤ នាក់ ដែលរួមមានអ្នករួមដំណើរជាមួយជនរងគ្រោះ អ្នកបើកឡានឲ្យជនដែលផ្ទុះអាវុធ និងមនុស្ស២នាក់ដែលរួមដំណើរ ជាមួយអ្នកដើមបណ្តឹង សមត្ថកិច្ចបានដោះលែង ដោយធ្វើកិច្ចសន្យា ឲ្យត្រឡង់មកធ្វើជាសាក្សី វិញ ពេលណាដែលសមត្ថកិច្ចត្រូវការ។
ចំពោះវិធានការ និងដំណោះស្រាយជាបន្តទៀត គឺជាសមត្ថកិច្ចរបស់ព្រះរាជអាជ្ញា និងសាលាដំបូង ខេត្តព្រៃវែង ដើម្បីបើកសវនការផ្តន្ទាទោសជនល្មើសទាំងនោះតាមច្បាប់ ជាធរមាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។