ដំរីព្រៃ​បង្ហាញខ្លួន​នៅ​ក្រោយ​អគារ​សាលាស្រុក​កែវសីមា​ ​ខេត្តមណ្ឌលគីរី​

​សត្វ​ដំរីព្រៃ​ជាច្រើន​ក្បាល​ ​បាន​បង្ហាញខ្លួន​ចាប់តាំងពី​សប្តាហ៍​កន្លងទៅ​រហូតមកដល់​ថ្ងៃនេះ​នៅ​តាម​គុម្ពោតព្រៃ​ ​ចម្ងាយ​ប្រមាណ​ ​១០០ម៉ែត្រ​ខាងក្រោយ​អគារ​សាលាស្រុក​កែវសីមា​ ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​កែវសីមា​ ​ក្នុង​ខេត្តមណ្ឌលគីរី​។​

​យោង​តាម​សេចក្តី​រាយការណ៍​របស់​លោក​ ​ឌិន​ ​ប៊ុ​ន​ធឿន​ ​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ទទួលបន្ទុក​ដែនជម្រកសត្វព្រៃ​កែវសីមា​ ​បាន​ឲ្យដឹង​ថា​ ​មាន​ដំរីព្រៃ​ចំនួន​ ​៧​ ​ក្បាល​(​ក្នុង​នោះ​មាន​ ​២ក្បាល​ ​មាន​វ័យ​ស្ទើរ​ជំទង់​)​ ​កំពុង​ដើរ​ស្វែងរក​ស៊ី​ចំណី​និង​ផឹកទឹក​ ​នៅ​ក្បែរ​ភូមិ​ ​អូរ​អាម​ ​ក្នុង​ឃុំ​ស្រែ​ខ្ទុ​ម​ ​ស្រុក​កែវសីមា​ ​ស្ទើរ​រៀងរាល់​ល្ងាច​ ​ចន្លោះ​ពី​ម៉ោង​ ​៥​ ​ទៅ​ ​ម៉ោង​ ​៦​ ​ចាប់តាំងពី​ថ្ងៃទី​ ​១៨​ ​ខែមីនា​ ​មក​។​ ​ហ្វូង​ដំរី​នោះ​ ​បាន​មក​ស៊ី​ចេក​ ​ឫស្សី​ ​និង​រុក្ខ​ជា​តិ​តូច​ៗ​ដែល​ដុះ​នៅ​លើ​ដី​ឡូត៍​របស់​អ្នកភូមិ​ទុកចោល​នៅ​ក្បែរ​សាលាស្រុក​ ​ហើយក៏​វិលត្រឡប់​ទៅកាន់​ជម្រក​របស់​វា​នៅក្នុង​ព្រៃ​វិញ​ ​បន្ទាប់ពី​បាន​ផឹកទឹក​រួច​។​

​លោក​ ​ប៊ុ​ន​ធឿន​ ​បាន​បញ្ជាក់​ថា​ ​ហ្វូង​ដំរី​នោះ​តែង​បង្ហាញខ្លួន​នៅ​ក្បែរ​ៗ​ភូមិ​របស់​អ្នកស្រុក​បី​ឆ្នាំ​កន្លងមក​ហើយ​ ​ក៏ប៉ុន្តែ​ ​នេះ​ជា​លើកទីមួយ​ ​ដែល​ដំរី​ទាំងនោះ​ចូល​មក​ជិត​ភូមិ​របស់​អ្នកស្រុក​ជាង​សព្វដង​។​ ​លោក​ ​ប៊ុ​ន​ធឿ​នបាន​ធ្វើការ​សន្និដ្ឋាន​ថា​ ​គោលបំណង​សំខាន់​របស់​ដំរី​ទាំងនោះ​គឺ​មករ​ក​ទឹកផឹក​ ​ព្រោះ​ប្រភព​ទឹក​ភាគច្រើន​នៅ​តាម​ទីជម្រក​របស់​ពួកវា​ ​អាច​រីង​ហួត​អស់​ក្នុង​កំឡុង​រដូវប្រាំង​នេះ​។​

​លោក​ ​ប៊ុ​ន​ធឿន​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​កាលពី​ល្ងាច​ថ្ងៃទី​ ​២៦​ ​ខែមីនា​ ​២០១៩​ ​វេលា​ម៉ោង​ ​៥​ ​និង​ ​៤៥​ ​នាទី​ ​ដំរី​ ​៣ក្បាល​ ​ក្នុងចំណោម​ដំរី​ទាំង​ ​៧ក្បាល​ ​បាន​ដើរចូល​មករ​ក​ស៊ី​ចំណី​កាន់តែ​ជិត​ ​គឺ​ចម្ងាយ​ប្រហែល​តែ​ ​៣០ម៉ែត្រ​ ​ប៉ុណ្ណោះ​ពីក្រោយ​អគារ​សាលាស្រុក​។​

​បុគ្គលិក​ប្រចាំ​តំបន់​របស់​អង្គការ​ ​WCS​ ​និង​មន្ត្រី​បរិស្ថាន​ខេត្ត​ ​បាន​តាម​ឃ្លាំមើល​ដំណើរ​ផ្លាស់ទី​របស់​ហ្វូង​ដំរី​នោះ​យ៉ាង​យកចិត្ត​ទុកដាក់​ ​និង​បាន​ត្រៀមលក្ខណៈ​ជាស្រេច​ដើម្បី​ចាត់វិធានការ​ ​ប្រសិនបើ​ដំរី​ទាំងនោះ​វាយប្រហារ​អ្នកភូមិ​។​ ​រហូតមកដល់​ពេលនេះ​ ​ហ្វូង​ដំរី​នោះ​មិនទាន់​បង្ក​ឲ្យ​មានការ​ខូចខាត​អ្វី​ទេ​។​

​លោក​ ​អន​ ​អាត​ ​មន្ត្រី​របស់​អង្គការ​ ​WCS​ ​ទទួលបន្ទុក​ផ្នែក​វិវាទ​រវាង​មនុស្ស​និង​សត្វព្រៃ​ ​បាន​ថ្លែង​ថា​ ​ដោយសារតែ​ប្រជាជន​នៅក្នុង​និង​ជុំវិញ​តំបន់​ដែនជម្រកសត្វព្រៃ​កែវសីមា​មាន​ចំនួន​ច្រើន​ ​និង​ចំនួន​សត្វ​ដំរី​ច្រើន​បំផុត​ដែល​នៅ​សេសសល់​រស់នៅ​ក្បែរ​គ្នា​ ​ដូច្នេះ​ ​វិវាទ​រវាង​មនុស្ស​និង​សត្វ​ដំរី​ ​អាច​នឹង​កើតមានឡើង​។​ ​នៅពេល​ដែល​មនុស្ស​កាប់ឆ្ការ​រាន​ដី​ខុសច្បាប់​បំផ្លាញ​ជម្រក​របស់​ដំរី​ ​និង​ពង្រីក​ការសាងសង់​លំនៅឋាន​បិទផ្លូវ​ដែល​វា​ធ្លាប់ធ្វើ​ដំណើរ​ឆ្លងកាត់​ ​ដំរី​តែង​បង្ហាញខ្លួន​ញឹកញាប់​នៅ​ជិត​ផ្ទះ​របស់​មនុស្ស​។​ ​កាលពី​ឆ្នាំ​ ​២០១៨​ ​មាន​វិវាទ​រវាង​មនុស្ស​និង​សត្វ​ដំរី​មួយចំនួន​កើតមាន​នៅក្នុង​ភូមិ​ចំនួន​ ​១១​ ​ដោយ​បង្ក​ឲ្យ​មានការ​ខូចខាត​ដល់​ផលដំណាំ​ជាច្រើន​ដូច​ ​ស្រូវ​ ​ស្វាយចន្ទី​ ​និង​ចេក​។​

​ការ​បង្ហាញខ្លួន​ជា​រៀងរាល់​ឆ្នាំ​របស់​សត្វ​ដំរីព្រៃ​ទាំងនោះ​ ​បាន​បង្ហាញថា​ ​ចំនួន​សត្វ​ដំរីព្រៃ​ទាំងអស់​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវសីមា​នោះ​ ​ទទួល​បានការ​ការពារ​យ៉ាង​ល្អ​ ​ក្រោម​គម្រោង​គាំទ្រ​ព្រៃឈើ​និង​ជីវចម្រុះ​ ​ដែល​ឧបត្ថម្ភ​មូលនិធិ​ដោយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក​ ​(​USAID​)​ ​ពីឆ្នាំ​ ​២០១២​ ​ដល់​ ​២០១៦​។​

​បច្ចុប្បន្ន​នេះ​ ​តំបន់​ដែនជម្រកសត្វព្រៃ​កែវសីមា​ ​បាន​ក្លាយជា​ទីជម្រក​របស់​សត្វ​ដំរីព្រៃ​អាស៊ី​ចំនួន​ប្រហែល​ ​១១៥ក្បាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close