«រណសិរ្សប្រជាធិបតេយ្យ»នឹងដឹកនាំរដ្ឋាភិបាលថៃ
«រណសិរ្សប្រជាធិបតេយ្យ»គឺជាឈ្មោះនៃសម្ព័ន្ធដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមាន ៧ គណបក្ស ដោយមានសំឡេងគ្រប់គ្រាន់ ដើម្បីបង្កើតរដ្ឋាភិបាល។ ទាំងនោះជាជោគជ័យមួយយ៉ាងធំធេងរបស់ពលរដ្ឋថៃ ដែលមានបំណងមិនចង់ឲ្យយោធាដឹកនាំប្រទេស។
ក្រោយការបង្កើត «រណសិរ្សប្រជាធិបតេយ្យ» អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បានថ្លែងថា លោកមានការសប្បាយចិត្ត ក្រោយគណបក្សចំនួន៧បានរួមគ្នា បានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាលចម្រុះ «រណសិរ្សប្រធាធិបតេយ្យ» មួយ។
អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានថ្លែងនៅលើបណ្តាញសង្គម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ថា គាត់សប្បាយចិត្តជាមួយប្រជាជនថៃ ក្រោយពីគណបក្សចំនួន៧ បានយល់ព្រមបង្កើត រដ្ឋាភិបាលចម្រុះមួយ ដែលមានសំឡេងជាងពាក់កណ្តាល នៃអាសនៈសរុប៥០០ នៅក្នុងរដ្ឋសភា ។
សាររបស់លោកថាក់ស៊ីន បានលេចឡើង ក្រោយគណបក្សភឿថា បានចុះហត្ថលេខាព្រមពៀងបញ្ចូលគណបក្ស៦ផ្សេងទៀត ស្ថិតក្រោមឆត្រតែមួយ ដែលមានសមាជិកសភាសរុប២៥៥នាក់--គ្រប់គ្រាន់បង្កើតរដ្ឋាភិបាលមួយ បើទោះបីមិនគ្រប់គ្រាន់សម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីយ៉ាងណាក៏ដោយ ។
កាសែតបាងកកប៉ុស្តិ៍ផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ថា ការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ទាល់តែមានការចូលរួមពីសមាជិកព្រឹទ្ធសភា ដែលតែងតាំងដោយក្រុមយោធា២៥០នាក់នោះទៀត មានន័យថា មានសំឡេងយ៉ាងតិច ៣៧៦ សំឡេង ទើបរដ្ឋាភិបាលចម្រុះថ្មីនេះ មាននាយករដ្ឋមន្ត្រី អាចដំណើរការទៅរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។