សមត្ថកិច្ចទុកពេលឲ្យអ្នកបើករថយន្តឡង់រ៉ូវែបង្កគ្រោះថ្នាក់បីថ្ងៃបើមិនចូលខ្លួន នឹងចាត់ការតាមច្បាប់
លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះថា បន្ទាប់ពីលោក យិន ង្គិត ចូលខ្លួនមកសារភាពនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញបញ្ជាក់អំពីអត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យស្លាប់និស្សិតស្រីម្នាក់មក សមត្ថកិច្ចនឹងទុករយៈពេល៣ថ្ងៃ ដើម្បីឲ្យជនបង្កចូលខ្លួនមកបង្ហាញមុខ បើមិនចូលមកទទួលខុសត្រូវទេ នោះសមត្ថកិច្ច នឹងចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការចូលឆ្លើយបំភ្លឺរបស់លោក យិន ង្គិច ជនបង្កឈ្មោះ យិន ម៉ាណា អាយុ១៧ឆ្នាំ ជាកូនស្រីរបស់លោក យិន ង្គិច ជាថៅកែសណ្ឋាគារ ប្រេមអិចប្រេសអង្គរ នៅខេត្តសៀមរាប និងជាសមាជិកក្រុមប្រឹក្សាខេត្តទៀតផង។
លោកយិន ង្គិច ដែលបានចូលទៅបំភ្លឺនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញ បានសារភាពថា អ្នកបើករថយន្តនោះជាកូនស្រីរបស់ខ្លួនពិតប្រាកដមែន ហើយលោកក៏បានយល់ព្រមផ្តិតមដៃនៅលើកិច្ចសន្យាផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ នារីបង្ករួមជាមួយមិត្តភក្តិ បានបើករថយន្ត Range Rover ចូលទៅហាងបុកល្ហុកមួយកន្លែងនៅក្បែរនោះ ។ ក្រោយពីហូបអាហាររួចហើយ នារីបង្កបានឡើងបើករថយន្តវិញ អមដោយអ្នកជិះជាមួយគឺជាមិត្តភក្តិចំនួន២នាក់ (ស្រីម្នាក់ និងប្រុសម្នាក់) រួចបើកយ៉ាងលឿនចេញ ទៅរហូតបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះតែម្តង។
នៅចំពោះមុខសមត្ថកិច្ច លោក យិន ហ្គិច បានសន្យាថា នឹងនាំខ្លួនកូនស្រីមកប្រគល់ជូនសមត្ថកិច្ចដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក មានរថយន្ត Rang Rover ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 មួយគ្រឿង បានបើកលឿន ហើយទៅបុកនារីរងគ្រោះជានិស្សិតនៅសាលា ផារ៉ាហ្គន ខណៈនាងកំពុងបើកម៉ូតូ បណ្តាលឲ្យទាំងម៉ូតូនិងមនុស្សប៉ើងដូចសំឡី ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ករណីនេះ ត្រូវគេបានទម្លាយតាមរយៈវីដេអូសុវត្ថិភាពមួយនៅក្បែរកន្លែងកើតហេតុ ដែលមើលទៅកើតឡើងយ៉ាងរន្ធត់ នាំឲ្យម្នាក់ៗប្រកាសថ្កោលទោស ខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចតាមចាប់ជនបង្កឲ្យបាន។
នារីរងគ្រោះមានឈ្មោះ ឌុំ រីដា អាយុ២២ឆ្នាំ ស្រុកកំណើតភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលត្រូវឪពុកម្តាយរបស់នាងបានប្រាប់ថា ជាសិស្សពូកែទូទាំងប្រទេសម្នាក់ខាងអក្សរសាស្ត្រខ្មែរ រហូតទទួលបានអាហារូបករណ៍នៅសាលា ផារ៉ាហ្គន តែម្តង។
ជាមួយគ្នានេះ កាលពីថ្ងៃទី២៧ ខែមិនា ម្សិលមិញ លោកស្រីផាត់ ពៅ ជាម្ដាយបង្កើតរបស់ជនរងគ្រោះបានដាក់ពាក្យសុំពឹងពាក់ក្រុមមេធាវី សម្ដេចតេជោ ហ៊ុន សែន ដើម្បីឲ្យជួយការពារក្តីរកយុត្តិធម៌តាមផ្លូវតុលាការ ខណៈជនបង្កមិនទាន់បង្ហាញខ្លួននៅឡើយ៕ មករា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។