ប្រមុខរាជរដ្ឋាភិបាលសម្រេចបញ្ចប់ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនផ្លូវដែក Royal Railway របស់ឧកញ៉ា គិត ម៉េង
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេច បញ្ចប់ការធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Royal Railway Cambodia ក្នុងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា ដោយសម្រេចប្រគល់ការគ្រប់គ្រងប្រតិបត្តិការផ្លូវដែកទៅឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ជាបណ្ដោះអាសន្ន ដើម្បីរៀបចំនីតិវិធីគ្រប់គ្រងដំណើរការឡើងវិញ។
ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព សម្ដេចតេជោបានមានប្រសាសន៍ថា ក្រុមហ៊ុន Royal Railway Cambodia ជាទូទៅ មិនបានពង្រឹងសក្ដានុពលរបស់ខ្លួន និងមិនបានដាក់ទុនលើក្បាលរថភ្លើង ទូរថភ្លើង និងគ្រឿងបរិក្ខារនានា ដើម្បីបំពេញតម្រូវការរបស់ អតិថិជន ដែលរួមមានដូចជា ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញ និងនាំចូល ពាណិជ្ជករ ក សិករ និងអ្នកដំណើរជាដើម។ ជារឿយៗមានរថភ្លើងមួយចំនួនខូចតាំងមិនដំណើរការ ហើយ មិនមានថវិកាគ្រប់គ្រាន់ក្នុងការជួសជុលថែទាំ និងការវិនិយោគបន្ថែម ដែលជាហេតុធ្វើឲ្យមាន ការខកខានក្នុងការដឹកទំនិញឲ្យទាន់ពេលវេលា និងធ្វើឲ្យការផ្ដល់សេវាមានភាពមិនទៀងទាត់។
ទាំងនេះ គឺជាបញ្ហាប្រឈមធំ ដែលចាំបាច់ត្រូវដោះស្រាយ ដើម្បីឲ្យមានការរីកចម្រើនលើសេ វាដឹកជញ្ជូនតាមផ្លូវរថភ្លើងនៅកម្ពុជា ហើយក៏ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការរំពឹងទុក របស់ប្រជាពលរដ្ឋកម្ពុជា និងពាណិជ្ជករនានា ក្នុងការប្រើប្រាស់រថភ្លើងផងដែរ។
ប្រមុខរាជរដ្ឋាភិបាលបានអះអាងបន្ថែមទៀតថា ការសម្រេចប្រគល់ការគ្រប់គ្រងប្រតិបត្តិការផ្លូវដែកទៅឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនជាបណ្ដោះអាសន្ន ដើម្បីរៀបចំនីតិវិធីគ្រប់ គ្រងដំណើរការឡើងវិញ គឺមុននឹងឈានទៅដល់ការដាក់ឲ្យដេញថ្លៃជាសាធារណៈ ជ្រើរើសក្រុមហ៊ុនដែលមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់មកសហការជាមួយរាជរដ្ឋាភិបាល សំដៅធ្វើឲ្យប្រព័ន្ធផ្លូវដែកកម្ពុជាមានលក្ខណៈស្តង់ដាអន្តរជាតិ និងមានលក្ខណៈទំនើបជឿនលឿន សម្រាប់ដឹកជញ្ជូនទំនិញ និងអ្នកដំណើរប្រកបដោយភាពជឿជាក់ សុវត្ថិភាព និងតម្លៃសេវាសមរម្យ ហើយក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់ ដែលបង្កើតនូវកាលានុវត្តភាពថ្មីៗជាច្រើនទៀតសម្រាប់ប្រជាជាតិកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។