ក្នុងមួយថ្ងៃ កសិន្ធុប្រាសាទអង្គរវត្តបាត់បង់ទឹកប្រហែល១ម៉ឺនម៉ែត្រគូប
លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ក្នុងមួយថ្ងៃៗ ទឹកក្នុងកសិន្ធុអង្គរវត្តបាត់បង់អស់ប្រហែលជាងមួយម៉ឺនម៉ែត្រគូប ដោយសារតែការរំហួតទៅបរិយាកាសផង និងការជ្រាបទឹកទៅក្នុងដីផង។
យ៉ាងណាក៏ដោយបើតាមការបញ្ជាក់របស់លោក សុឃីម ទោះបីការរំហួតទឹកមានកម្រិតធំ តែមិនធ្វើឲ្យប៉ះពាល់ដល់បរិមាណទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្តនោះឡើយ ព្រោះកសិន្ធុអាចផ្ទុកទឹកបានសរុបជាង១លានម៉ែត្រគូប ព្រមទាំងមានការបញ្ចូលទឹកជាប្រចាំផងដែរ។
ម្យ៉ាងវិញទៀត អាជ្ញាធរជាតិអប្សរាក៏បានសហការជាមួយរដ្ឋាករទឹកស្វយ័តសៀមរាបជាប្រចាំក្នុងការគ្រប់គ្រងទឹកក្រោមដី ធ្វេីយ៉ាងណាកុំឲ្យការបូមទឹកក្រោមដីយកមកប្រេីប្រាស់ប៉ះពាល់ទៅដល់ស្រទាប់ទឹកក្រោមដី ដែលអាចនឹងមានហានីភ័យដល់ការអភិរក្សប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។
លើសពីនោះទៅទៀត អាជ្ញាធរជាតិអប្សរាក៏បានស្តារឡើងវិញនូវប្រព័ន្ធផ្លូវទឹកបុរាណដើម្បីបង្ហូរទឹកពីកសិន្ធុទីក្រុងអង្គរធំទៅកសិន្ធុប្រាសាទអង្គរវត្តត្រង់ចំណុចទន្លេអុំខាងកើតតាមច្រកសំពៅលូន។ ដូច្នេះហើយទើបធ្វើឲ្យទឹកក្នុងកសិន្ធុប្រាសាទអង្គរវត្តធានាបានតុល្យភាព មិនរីងស្ងួត និងរក្សាបាននូវភាពស្រស់ស្អាតក្នុងកសិន្ធុជានិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។