ការចុះរៀបចំសណ្តាប់ធ្នាប់នៅតំបន់ផាប់ស្រ្ទីត រងការរិះគន់ ក្រោយអាជ្ញាធរអនុវត្តន៍មិនស្មើភាពគ្នា
សៀមរាប ៖ ក្រុមអាជីវករដែលប្រកបរបរលក់ដូរនៅតំបន់ផាប់ស្រ្ទីត បានថ្លែងរិះគន់ចំពោះក្រុមអាជ្ញាធរដែលបានចុះទៅរៀបចំសណ្តាប់ធ្នាប់ថា អនុវត្តមិនស្មើភាពគ្នា ដោយអនុវត្តបានតែចំពោះក្រុមអាជីវករដែលគ្មានអំណាច និងគ្មានផ្កាយពាក់នៅលើស្មាតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ដើម្បីការពារការកកស្ទះចរាចរណ៍នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ក៏ដូចជាដើម្បីសោភ័ណ្ឌភាព និងការពារហានិភ័យនោះ អាជ្ញាធរខេត្តសៀមរាប បានចុះធ្វើការរៀបចំសណ្តាប់ធ្នាប់នៅបរិវេណតំបន់ផាប់ស្រ្ទីត ដោយក្នុងនោះអាជ្ញាធរបានបាញ់គំនូស កំណត់ ចំណីផ្លូវ សម្រាប់ជាផ្លូវដើរបណ្តោះអាសន្ន ក្នុងតំបន់បរិវេណផាប់ស្ទ្រីត និងបរិវេណត្រីកោណ ដើម្បីជាទីតាំងដើរថ្មើរជើងផងដែរ ដោយអាជីវករទាំងអស់ត្រូវទុកចិញ្ចើមផ្លូវសម្រាប់ការធ្វើដំណើររបស់អ្នកថ្មើរជើង។
យ៉ាងណាក៏ដោយ ក្នុងការរុះរើយកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងនេះ អាជ្ញាធរអនុវត្តបានតែចំពោះអាជីវករដែលគ្មានខ្នងបង្អែក និងអំណាចតែប៉ុណ្ណោះ ចំណែកអ្នកមានអំណាច និងបុណ្យសក្តិធំ ដោយគេបានទាំងដាក់ម៉ាស៊ីនភ្លើងធំៗដល់ទៅ២លើចិញ្ចើមផ្លូវ តែអាជ្ញាធរមិនហ៊ានឲ្យដកចេញនោះទេ។
តាមប្រភពថា ហាងដែលដាក់ម៉ាស៊ីនភ្លើងបាំងផ្លូវជិតនោះ គឺជាហាង ថេមភល (Temple) ដែលថៅកែជាមន្រ្តីប៉ូលីសពាក់ផ្កាយ ១ ដ៍មានឥទ្ធិពល នៅខេត្តសៀមរាប ហើយក៍មានហាងច្រើនកន្លែងក្នុងក្រុងសៀមរាបផងដែរ ដូចជា Temple ក្លឹប Primer ktv Temple sky Bar ។ ល ។
តាមប្រភពថា ម្ចាស់ហាងរូបនេះ មិនអនុញ្ញាតឲ្យក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់ដកម៉ាស៊ីនភ្លើងរបស់ខ្លួនចេញនោះទេ ដោយថែមទាំងបានគំរាមក្រុមមន្រ្តីដែលចុះអនុវត្តការងារថែមទៀតផង។
ការណ៍នេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីមហាជន ចំពោះអ្នកមានលុយ មានអំណាច មិនព្រមចូលរួមអនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរ ក្នុងការកែប្រែសោភណ្ឌភាព និងមុខមាត់របស់ខេត្តសៀមរាបនោះ ហើយមហាជនសង្ឃឹមថា អាជ្ញាធរនឹងអនុវត្តការងារនេះឲ្យបានសម្រេច ដោយមិនគួរអនុវត្តបានតែអ្នកគ្មានអំណាចបុណ្យសក្តិនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។