ការ​បិទ​ស្ទីក​ឃ័រ​ ​ចែក​ខិត្តប័ណ្ណ​ ​ត្រូវ​បាន​ហាមមិនឲ្យ​មាន​ទៀត​ទេ​នៅក្នុង​រាជធានី​ភ្នំពេញ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃទី២​ ​មេសា​ ​ម្សិលមិញ​នេះ​ ​បាន​ចេញ​សេចក្តី​ជូនដំណឹង​ជាថ្មី​ម្តង​ទៀត​ ​ដោយ​ប្រកាសហាម​ដាច់ខាត​មិន​ឲ្យ​មានការ​បិទ​ស្ទីក​ឃ័រ​ ​ចង​បដា​ ​និង​ការចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​ពី​អាជីវកម្ម​ ​នៅ​តាម​របង​ការដ្ឋាន​ ​រមណីយដ្ឋាន​ ​និង​តាម​ភ្លើងស្តុប​ទៀត​ទេ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា​ ​កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​ធ្វើការ​ណែនាំ​ជាច្រើនលើក​រួចមក​ហើយ​ឲ្យ​បញ្ឈប់​សកម្មភាព​អនាធិបតេយ្យ​នេះ​ ​ប៉ុន្តែ​បច្ចុប្បន្ន​នៅតែ​សង្កេតឃើញ​មានការ​បិទ​ស្ទីក​ឃ័រ​ ​ការ​ចង​បដា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​សេវាកម្ម​ ​ផលិតផល​យ៉ាង​អនាធិបតេយ្យ​ ​នៅ​តាម​បង្គោល​ភ្លើង​ ​ដើមឈើ​ ​បង្គោល​ចរាចរណ៍​ ​របង​អគារ​ ​របង​ការដ្ឋាន​ ​ទី​សាធារណៈ​ ​និង​ការចែក​ខិត្តប័ណ្ណ​តាម​ភ្លើងស្តុប​ជាដើម​ ​ដែល​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សោភណភាព​ ​សណ្តាប់​ធ្នាប់​សាធារណៈ​ ​អនាម័យ​ ​និង​បរិស្ថាន​ក្នុង​រាជធានី​ភ្នំពេញ​។​

​ដូច្នេះ​ ​ដើម្បី​រួមចំណែក​លើកកម្ពស់​សោភណភាព​ ​កិត្យានុភាព​ជាតិ​ ​និង​សណ្តាប់​ធ្នាប់​សង្គម​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ស្នើ​ដល់​ម្ចាស់​អាជីវកម្ម​ ​ក្រុមហ៊ុន​ ​អង្គការ​ ​សមាគម​ ​ធនាគារ​ ​និង​ផ្នែកឯកជន​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ទង្វើ​អសកម្ម​ទាំងនេះ​ ​ហើយ​ត្រូវ​បក​ចេញ​ឲ្យអស់​នូវ​ស្ទីក​ឃ័រ​ ​និង​បដា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទាំងនោះ​ ​ក្នុងរយៈពេល១៤ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។​

​ប្រសិនបើ​មិន​មានការ​រុះរើ​ទេ​នោះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​រដ្ឋបាល​រុះរើ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​ឡើយ​៕​ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close