ដឹង​មូលហេតុ​ដែល​ ​ស.ស.យ.ក​ ​មិន​រៀបចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​នៅ​ឆ្នាំនេះ​

​ទីបំផុត​ទៅ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​ដែល​ជា​ស្ថាប័ន​ចំបង​ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​ ​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​ឆ្នាំនេះ​ ​ខ្លួន​មិន​រៀបចំ​ធ្វើ​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​ហើយ​។​

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ការ​មិន​រៀបចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​ថ្នាក់​ជាតិ​ឆ្នាំ២០១៩នេះ​ ​គឺ​ដោយសារ​ក្រុមការងារ​មានបំណង​យក​ឱកាស​នេះ​ ​ចូលរួម​ក្នុង​ពិធី​សង្រ្កាន្ត​ដែល​គ្រោង​នឹង​រៀបចំ​ដោយ​ ​ស.ស.យ.ក​ ​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​ ​និង​ក៏​ដើម្បី​ឆ្លៀតពេល​ធ្វើការ​ឆ្លុះបញ្ចាំង​ពី​ព្រឹត្តិ​ការណ៍​ដែល​បាន​រៀបចំ​ក្នុង​បណ្តា​ឆ្នាំ​កន្លងទៅ​ ​ធ្វើ​យ៉ាងណា​ឲ្យ​ការរៀបចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​នៅ​ឆ្នាំ​បន្តបន្ទាប់​មាន​លក្ខណៈ​កាន់តែ​ល្អ​ប្រសើរ​ឡើង​។​

​ជាមួយគ្នា​នេះ​ដែរ​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​ក៏​កោតសរសើរ​ ​និង​លើកទឹកចិត្ត​ដល់​ ​ស.ស.យ.ក​.​ ​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​ ​ចំពោះ​ការ​ផ្តួចផ្តើម​រៀបចំ​ព្រឹត្តិ​ការណ៍​សង្រ្កាន្ត​នៅ​តាម​តំបន់​រៀង​ៗ​ខ្លួន​ដើម្បី​ចូលរួម​លើកកម្ពស់​វប្បធម៌​ ​សិល្បៈ​ ​និង​ប្រពៃណី​ខ្មែរ​ ​ក៏ដូចជា​ដើម្បី​បង្ក​បរិយាកាស​សប្បាយរីករាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខាងមុខ​។​

​យ៉ាងណាក៏ដោយ​ ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​ក៏បាន​ប្តេជ្ញា​ថា​ ​ខ្លួន​នឹង​រៀបចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​នា​បណ្តា​ឆ្នាំ​ខាង​មុ​ខៗ​ទៀត​ ​ដើម្បី​បង្កើត​ស្នាមញញឹម​ជូន​ដល់​ពុក​ម៉ែ​ ​មាមីង​ ​បងប្អូន​យើង​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​។​

​គួរ​បញ្ជាក់​ថា​ ​ការរៀបចំ​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​បាន​ចាប់ផ្តើម​ធ្វើ​តាំងពី​ឆ្នាំ២០១៣​ ​ហើយពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ ​ក៏​មានការ​គាំទ្រ​ច្រើន​ ​តាមរយៈ​កំណើន​ភ្ញៀវ​ទេសចរ​ ​ជាពិសេស​ព្រឹត្តិ​ការណ៍​នេះ​បាន​ក្លាយទៅជា​ប្រភព​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​សម្រាប់​ខេត្តសៀមរាប​។​

​រយៈពេល​កន្លងមក​នេះ​ ​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​ក៏បាន​បង្កើត​ឲ្យ​មាន​នូវ​ការ​បំបែក​ឯតទគ្គកម្ម​ពិភពលោក​ចំនួន​ពីរ​ជូន​កម្ពុជា​ ​ដែល​ក្នុង​នោះ​ ​គឺ​ការ​បំបែក​កំណត់ត្រា​អ្នក​រាំ​ចង្វាក់​ម៉ា​ឌីហ្សូន​ ​ដែល​មាន​មនុស្ស​ចូលរួម​ចំនួន​ ​២០១៥នាក់​ ​និង​ការ​ធ្វើ​នំអន្សម​ដែល​មាន​ទម្ងន់​ប្រមាណ​ ​៤.០៤តោន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close