ADB ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះ អាចរក្សាកំណើន៧ភាគរយ តែឆ្នាំក្រោយអាចនឹងធ្លាក់ចុះ
យោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលចេញផ្សាយថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានរំពឹងថា នឹងកើនឡើងប្រមាណ ៧ភាគរយនៅឆ្នាំនេះ និង៦,៨ភាគរយនៅឆ្នាំក្រោយ។
លោកស្រី Sunniya Durrani-Jamal នាយក ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ប្រទេស កម្ពុជានឹងរក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំ ក្នុងរយៈពេលពីរឆ្នាំទៅមុខ បើទោះជាកំណើនសេដ្ឋកិច្ច របស់ប្រទេសឧស្សាហកម្មធំៗ ចុះខ្សោយក៏ដោយ។ កត្តាសំខាន់មួយដែលអាចទាក់ទាញ និងរក្សាឲ្យបាននូវកំណើនក្នុងរយៈពេលវែង គឺកត្តាគុណភាពធនធានមនុស្សរបស់កម្ពុជា ដែលរួមបញ្ចូលទាំងជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន”។
យ៉ាងណាក៏ដោយ កំណើនទិន្នផលឧស្សាហកម្ម ទំនងជាថយចុះពីប្រមាណ ១០,៨ភាគរយ ក្នុងឆ្នាំ២០១៨ មកនៅត្រឹម ១០,១ភាគរយ ក្នុងឆ្នាំ២០១៩។ កំណើននៃវិស័យសេវាកម្ម នឹងថមថយបន្តិចពី ៦,៩ភាគរយ កាលពីឆ្នាំមុន មក ៦,៨ភាគរយ ក្នុងឆ្នាំ ២០១៩។ វិស័យកសិកម្ម ត្រូវបានព្យាករណ៍ថា មានកំណើនប្រមាណ ១,៧ភាគរយ ពោលគឺថយចុះបន្តិចពី ១,៨ភាគរយ កាលពីឆ្នាំមុន។ ឱនភាពសារពើពន្ធត្រូវបាន គ្រោងទុក ក្នុងកម្រិត ៤,៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នៅឆ្នាំនេះ បើធៀបនឹង ៥,១ភាគរយ នៃ ផ.ស.ស ដែលបានគ្រោងទុកកាលពីឆ្នាំមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។