ប្លន់ធនាគារនៅប្រេស៊ីល ប៉ូលិសបង្ក្រាបទាន់ពេលជនសង្ស័យ១១ត្រូវបាញ់សម្លាប់
មានករណីប្លន់ធនាគារ២កន្លែងនៅក្នុងប្រទេសប្រេស៊ីល ដោយក្រុមចោរប្លន់មានគ្នាប្រមាណ២៥នាក់ ។ កម្លាំងប៉ូលិសក៏បានទៅដល់កន្លែងកើតហេតុទាន់ពេលវេលា ហើយក៏បានប៉ះទង្កិចគ្នាដោយអាវុធ យ៉ាងសហាវ។ នៅទីបំផុត ក្រុមចោរប្លន់ ១១នាក់ត្រូវប៉ូលិសបាញ់សម្លាប់ ។
ចំណែកខាងប៉ូលិសវិញ ពុំមាននរណាម្នាក់រងរបួស ឬត្រូវបានស្លាប់នៅក្នុងហេតុការណ៍នេះទេ ជនសង្ស័យ៣នាក់ថែមទៀតត្រូវចាប់ខ្លួន ។នៅក្នុងសេចក្តីថ្លែងការណ៍របស់ស្នងការប៉ូលិសទីក្រុង Sao Paulo បានបញ្ជាក់ថា ក្រុមជនពាលទាំងនោះ បម្រុងនឹងបំផ្ទុះទូ អេធីអឹម ដែលមួយទីតាំងគឺនៅកៀកនឹងស្ថានីយប៉ុស្តិ៍ប៉ូលិសតែម្តង មុនពេលដែលប៉ូលិសទៅដល់ ។
ប្រតិបត្តិការរបស់ប៉ូលិសបានតតាំងជាមួយក្រុមពាលទាំងនោះ ដេញប្រមាញ់ពាសពេញទីក្រុង Guararema ដែលជាទីប្រជុំជនមួយមានមនុស្សរស់នៅប្រហែល២៨,០០០នាក់ ហើយមានចម្ងាយប្រហែល៨០គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ។
ប៉ូលិសបានបន្តទៀតថា បានរឹបយកកាំភ្លើងយ៉ាងតិច៧ដើម, គ្រាប់ផ្ទុះ និងអាវកាក់ការពារគ្រាប់កាំភ្លើងផងដែរ ។ ក្រុមចោរទាំងនោះប្រើរថយន្តការពារគ្រាប់ប្រហែល៥គ្រឿង នៅក្នុងសកម្មភាពប្លន់ធានាគារនេះ ។ខាងធនាគារ Santander និងធនាគារ Banco do Brasil មិនបានបញ្ជាក់អំពីចំនួនលុយប៉ុន្មានដែលត្រូវបាត់បង់ ដោយសារក្រុមចោរប្លន់នៅពេលនេះទេ ។
សូមបញ្ជាក់ថា ឧក្រិដ្ឋកម្មដ៏សម្បូរបែបកើតឡើងនៅក្នុងប្រទេសប្រេស៊ីលក្នុងមួយឆ្នាំកន្លងមកហើយនេះ ស្លាប់មនុស្សជាង៦០,០០០នាក់ ។ ប៉ូលិសត្រូវគេចោទថា ជាអ្នកមានបាតដៃប្រឡាក់ឈាម, ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ហើយនិងអំពើហិង្សា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។