ជំងឺប៉េស្តជ្រូកអាហ្រ្វិករាលដាលដល់កម្ពុជាហើយ
ជំងឺប៉េស្តជ្រូកអាហ្រ្វិកដែលបានកំពុងរាលដាលខ្លាំងនៅប្រទេសវៀតណាមភាគខាងជើង ឥឡូវនេះត្រូវរកឃើញវត្តមានជំងឺនេះនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាម ដោយវាបានសម្លាប់សត្វជ្រូកប្រមាណជា៤០០ក្បាល។
យោងតាមប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះ ត្រូវគេរកឃើញនៅភូមិសោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ជាវិធានការបន្ទាន់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានសម្រេចឲ្យបំផ្លាញចោលចំពោះសត្វជ្រូកគ្រប់ប្រភេទក្នុងតំបន់ផ្ទុះជំងឺទៅតាមវិធានបសុព្យាបាល, ផ្អាកការទិញ ការលក់ និងការដឹកជញ្ជូនសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទចូល ចេញ ឬឆ្លងកាត់ក្នុងរង្វង់កាំប្រវែង៣គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ និងដាក់តំបន់នេះជាតំបន់ត្រួតពិនិត្យ និងតាមដាន។
ក្នុងនោះមន្រ្តីក៏ត្រូវឃ្លាំមើលចលនាសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកជាប្រចាំក្នុងរង្វង់ដែលមានកាំប្រវែង១០គីឡូម៉ែត្រ ពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ។
យ៉ាងណាក៏ដោយ ចំពោះករណីជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះ លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា ជំងឺនេះមិនប៉ះពាល់ និងឆ្លងដល់មនុស្សឡើយ ដោយវាគ្រាន់តែបណ្តាលឲ្យជ្រូកឈឺ និងងាប់ក្នុងអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលវាបង្កការខាតបង់ដល់អ្នកចិញ្ចឹមជ្រូកតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។