មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ចុះផ្សព្វផ្សាយតំបន់វិនិច្ឆ័យចុះបញ្ជីជាលក្ខណះប្រពន្ធ័នៅស្រុកព្រៃនប់
នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ លោក ចេង ស្រុង ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានអញ្ជើញ ចូលរួមក្នុងពិធីប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព របស់ឯកឧត្តម លៀម សូដា អភិបាលរងខេត្ត តំណាងខ្ពងខ្ពស់ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងនោះដែរក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋប្រមាណ ១៣០ នាក់ ផងដែរ។
លោកប្រធានមន្ទីរ បានលើកឡើងថា ការចុះបញ្ជីនេះ ក្រុមបច្ចេកទេស ឬ ក្រុមវាល នឹងចុះទៅ ស្រង់ទិន្នន័យវាស់វែង កំណត់ព្រំដី ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ ដីដោយសហការ ជាមួយមន្ដ្រីសង្កាត់និងមេភូមិ។ដូចនេះនៅពេលដែលមេភូមិជូនដំណឹងដល់បងប្អូនស្នាក់នៅនោះ សូមបង ប្អូនត្រៀមឯកសារដែលពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី របស់បងប្អូន រៀបចំព្រំដីដោយបោះបង្គោលព្រំ និងមានការឯកភាពពីម្ចាស់ដីជាប់ព្រំព្រមទាំងដោះស្រាយទំនាស់ផ្សេងៗ ឲ្យបានរួចរាល់ និងត្រៀម ខ្លួនចង្អុលបង្ហាញ ក្រុមបច្ចេកទេសពីព្រំដីដែលបងប្អូនកាន់កាប់ ដើម្បីធ្វើឲ្យដំណើរការនៃការចុះបញ្ជីនេះ ប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាព។
សូមបញ្ជាក់ដែរថា ការចុះបញ្ជីដីធ្លីមាន៥ដំណាក់កាលគឺការកំណត់តំបន់វិនិច្ឆ័យការបើកវគ្គ បណ្ដុះ បណ្ដាល ការចុះវាស់វែងស្រង់ទិន្នន័យក្បាលដី ការបិទផ្សាយជាសាធារណៈ នូវទិន្នន័យនៃការចុះបញ្ជីដី ក្នុងតំបន់ វិនិច្ឆ័យ និងការចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។