ក្រសួងសុខាភិបាល​ណែនាំ​ពី​វិធានការ​ ​បង្ការ​បញ្ហា​សុខភាព​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

​ខណៈ​ដែល​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិ​ ​នឹង​ឈាន​ចូល​មកដល់​នៅពេល​ខាងមុខ​ ​ក្រសួងសុខាភិបាល​ ​នៃ​ប្រទេស​កម្ពុជា​ ​បាន​ចេញផ្សាយ​នូវ​វិធានការ​ចំនួន១១ចំណុច​ ​ដើម្បី​បង្ការ​ករណី​ពុល​អាហារ​ ​និង​ករណី​ពុល​ស្រា​ ​ខណៈ​ដែល​ករណី​ពុល​អាហារ​ ​កាលពី​ឆ្នាំ២០១៨​ ​បាន​កើតឡើង​ចំនួន១៩លើក​ ​បណ្តាល​ឲ្យ​ពុល​មនុស្ស​ចំនួន​ ​៨៥២នាក់​ ​ក្នុង​នោះ​ស្លាប់​ចំនួន១៣នាក់​ ​និង​ពុល​ស្រា​នៅ​ឆ្នាំ២០១៨កើតឡើង​ចំនួន៥លើក​ ​ពុល​មនុស្ស២០៦នាក់​ ​ក្នុង​នោះ​ស្លាប់១២នាក់​។​

​វិធានការ​ទាំង១១ចំណុច​នោះ​រួមមាន​ ​៖​
​១​.​ប្រើប្រាស់​ទឹក​ស្អាត​ ​និង​ម្ហូបអាហារ​ដែល​ស្អាត​ ​និង​ឆ្អិន​ជានិច្ច​។​
​២​.​ត្រូវ​លាងដៃ​នឹង​សាប៊ូ​ ​មុន​ពេល​និង​អំឡុង​ពេល​រៀបចំ​ម្ហូបអាហារ​ ​មុន​បរិភោគ​ ​មុន​ពេល​បញ្ចុក​កូន​ ​និង​ក្រោយ​បន្ទោរ​បង់​។​
​៣​.​អាហារ​ត្រូវ​គ្រប​ជានិច្ច​ ​ដើម្បី​ជៀសវាង​រុយរោម​។​
​៤​.​ ​ពិនិត្យមើល​ចំណីអាហារ​ដែល​អាច​នឹង​ជូរ​ផ្អូម​។​
​៥​.​ ​លាង​សំអាត​បន្លែ​ផ្លែឈើ​ជាមួយ​ទឹក​ស្អាត​មុន​បរិភោគ​។​
​៦​.​ ​សំអាត​សម្ភារ​ប្រើ​សម្រាប់​ចម្អិនម្ហូប​អាហារ​ឲ្យបាន​ត្រឹមត្រូវ​។​
​៧​.​ ​ចម្អិន​អាហារ​ឲ្យបាន​ឆ្អិន​ល្អ​ ​ជាពិសេស​ ​សាច់​ ​សត្វស្លាប​ ​ស៊ុត​ ​និង​អាហារ​សមុទ្រ​។​
​៨​.​ ​ទុកដាក់​ចំណីអាហារ​ឆៅ​ ​និង​ឆ្អិន​ដាច់ដោយឡែក​ពីគ្នា​។​
​៩​.​ ​កុំ​រក្សាទុក​អាហារ​ក្នុង​កំ​ដៅ​ធម្មតា​លើស​ពី២ម៉ោង​។​
​១០​.​ ​មិន​ត្រូវ​រក្សាទុក​អាហារ​ជាច្រើន​ថ្ងៃ​ទេ​ ​ទោះជា​ស្ថិត​ក្នុង​កម្រិត​សីតុណ្ហភាព​សុវត្ថិភាព​ក៏ដោយ​
​១១​.​ ​កុំ​ប្រើប្រាស់​ចំណីអាហារ​ហួស​កាលកំណត់​ប្រើប្រាស់​។​

​ជាមួយគ្នា​នេះ​ ​ក្រសួងសុខាភិបាល​ ​ក៏បាន​បញ្ជាក់​ដែរ​ថា​ ​បើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា​ ​នៃ​ការ​ពុល​អាហារ​ ​ឬ​មាន​រោគសញ្ញា​នៃ​ការ​ពុល​ស្រា​ដូចជា​ ​ឈឺក្បាល​ ​ក្អួត​,​ ​ឈឺពោះ​ ​វិលមុខ​ ​ស្រវាំង​ភ្នែក​ ​សន្លប់​ ​ប្រកាច់​ ​ពិបាក​ដកដង្ហើម​ ​សូម​ស្វែងរក​ការពិនិត្យ​ ​និង​ព្យាបាល​ជាបន្ទាន់​នៅ​មណ្ឌលសុខភាព​ ​ឬទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close