លោក សាយ សំអាល់៖ ខេត្តព្រះសីហនុ កំពុងទទួលផ្លែផ្កាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលបានមកពីការយកជីវិតធ្វើដើមទុនរបស់ថ្នាក់ដឹកនាំ
«ខេត្តព្រះសីហនុ បាននិងកំពុងទទួលបានផលពីផ្លែផ្កាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដែលបានមកពីការយកជីវិតធ្វើដើមទុនរបស់ថ្នាក់ដឹកនាំយើង»។ នេះគឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រធានក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០១៩ នេះ អំឡុងពេលនៃកិច្ចប្រជុំលើកទី១ នៃក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ បន្ទាប់ពីមាន ការផ្លាស់ប្តូរប្រធានក្រុមការងារថ្នាក់ជាតិកាលពីខែមីនា ឆ្នាំ ២០១៩ កន្លងទៅ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «យើងទាំងអស់គ្នាត្រូវរួមគ្នាគិតគូរ ដើម្បីទាញយកផលនៃការអភិវឌ្ឍ ក្នុងគោលដៅដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់ ៧%ក្នុងមួយឆ្នាំ បង្កើតការងារធ្វើ សម្រាប់ពលរដ្ឋកម្ពុជា កាត់បន្ថយភាពក្រីក្រ បង្កើនចំណូលជីវភាពរបស់ប្រជាជន និងធានានូវ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោក សាយ សំអាល់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅប្រែក្លាយខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជាតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា។ លោករដ្ឋមន្ត្រីបាន គូសបញ្ជាក់នៅចំពោះមុខក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់មូលដ្ឋានទាំងអស់ថា កិច្ចការអាទិភាពចំនួន៤ ក្នុងចំណោមការងារជាច្រើនដែលក្រុមការងារត្រូវដោះស្រាយឱ្យបានគឺ ទី១៖ ការពង្រឹងសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងខេត្តព្រះសីហនុទាំងមូលដោយសហការគ្នារវាងអាជ្ញាធរខេត្ត កងកម្លាំងសមត្ថកិច្ច និងក្រុមការងារឱ្យបានល្អ។ ទី២៖ ការពារឱ្យបាននូវបរិយាកាសសុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ព្រមទាំងវិនិយោគិន។ ទី៣៖ ការគ្រប់គ្រងការងារសំណង់ដែលជាគម្រោងសាងសង់ថ្មីៗត្រូវមានការគ្រប់គ្រងឱ្យបានល្អ កាត់បន្ថយការបំពុលខ្យល់ និងទី៤៖ ការគ្រប់គ្រងសំណល់រឹងរាវ និងសំរាម ឱ្យបានល្អដើម្បីធ្វើឱ្យខេត្តព្រះសីហនុមានសោភ័ណភាព មានអនាម័យបរិស្ថានល្អស្អាត និងពលរដ្ឋរស់នៅប្រកបដោយ ផាសុកភាព និងកាន់តែមានការទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះសីហនុ បានគូសបញ្ជាក់យ៉ាងមុតមាំថា ខេត្តព្រះសីហនុត្រូវ បញ្ចប់ជម្លោះដីធ្លីដែលរ៉ាំរ៉ៃជាយូរមកហើយឱ្យបានទាំងស្រុង។ លោកថ្លែងថា៖ «មិនត្រូវឱ្យកើតឡើងនូវជម្លោះថ្មីៗទៀតឡើយ និងត្រូវខិតខំប្រឹងប្រែងដោះស្រាយជម្លោះដីធ្លីចាស់ឱ្យបានបញ្ចប់ទាំងស្រុង»។
លោកបានគូសបញ្ជាក់ថាការដោះស្រាយជម្លោះដីធ្លីត្រូវធ្វើឡើងតាមរយៈការចរចា តាមផ្លូវតុលាការ ឬតាមរយៈការចុះបញ្ជីដីធ្លីរបស់រដ្ឋឱ្យបានសព្វគ្រប់។ ប្រធានក្រុមការងារ ថ្នាក់ជាតិក៏បានព្រមានផងដែរដល់ជនខិលខូចទាំងឡាយដែលមានការជាប់ពាក់ព័ន្ធនឹងការ រំលោភបំពានទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ត្រូវបញ្ឈប់ជាបន្ទាន់ និងលើកឡើងថាគ្មាន ជនណាម្នាក់អាចយកដីរដ្ឋទៅលក់ដូចបានឡើយ។ លោកបន្តថាប្រសិនបើជនណានៅតែបំពានច្បាប់ នោះនឹងមិនមានការលើកលែងឡើយ វិធានការច្បាប់ដ៏តឹងរឹងនឹងត្រូវអនុវត្ត។
ទាក់ទងនឹងបញ្ហាទឹកសាបសម្រាប់ប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ លោក សាយ សំអាល់ បានលើកឡើងថាត្រូវតែរក្សាប្រភពទឹកសាប នៅក្នុងតំបន់នានាក្នុងខេត្តព្រះសីហនុ ដើម្បីរក្សាឱ្យបានគង់វង្សនូវប្រភពទឹកសម្រាប់ប្រើប្រាស់ឱ្យបានយូរអង្វែង ក៏ដូចជាការផលិតទឹក និងការចែកចាយទឹក ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋនិងអាជីវកម្មនានានៅក្នុងខេត្តព្រៃសីហនុនេះ។
លោករដ្ឋមន្ត្រី ប្រធានក្រុមការងារ ក៏បានថ្លែងថា ករណីដូចគ្នានេះ ក៏ត្រូវអនុវត្តផងដែរចំពោះការគ្រប់គ្រងចរន្តអគ្គិសនី ក៏ដូចជាប្រព័ន្ធលូ និងការគ្រប់គ្រងសំណល់រឹងសំរាម។ ដើម្បីគ្រប់គ្រងអនាម័យបរិស្ថានខេត្តព្រះសីហនុឱ្យបានល្អស្អាត លោករដ្ឋមន្ត្រីបាន ស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធរួមនឹងបងប្អូនប្រជាពលរដ្ឋ រួមនឹងម្ចាស់អាជីវកម្ម ទីកន្លែងកម្សាន្ត នានានៅក្នុងក្រុងព្រះសីហនុរួមសហការសម្អាតអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាម និងអាជ្ញាធររួមសហការគ្នា ប្រមូលសំរាមឱ្យបានទាន់ពេលវេលា និងប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោក សាយ សំអាល់ លើកឡើងថាពីគម្រោងការស្តារប្រព័ន្ធលូ បង្ហូរទឹកឱ្យបានទៀងទាត់ ក៏ដូចជាការគ្រប់គ្រងសំណល់រាវឱ្យបានល្អ និងត្រូវមាន ការរៀបចំក្រុងឱ្យបានល្អ។ ជាមួយគ្នានេះ លោកប្រធានក្រុមការងារបានជំរុញឱ្យ អាជ្ញាធរខេត្តព្រះសីហនុគ្រប់លំដាក់ថ្នាក់បន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ ប្រជាពលរដ្ឋ និងឆ្លើយតបនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។