រំលងប៉ុន្មានថ្ងៃសោះ កើតមានករណីប្តីអាករសម្លាប់ប្រពន្ធ រួចចងកសម្លាប់ខ្លួនឯងទៀតហើយ
ករណីប្តីអាកសម្លាប់ប្រពន្ធចុង រួចទៅចងកសម្លាប់ខ្លួនឯងមួយករណីកើតឡើងមិនបានប៉ុន្មានថ្ងៃផង កាលពីយប់ថ្ងៃទី៩ មេសា ម្សិលមិញនេះ កើតមានករណីប្តីអាកប្រពន្ធ រួចចងកសម្លាប់ខ្លួនឯងមួយទៀតហើយ នៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមលោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានថ្លែងថា ករណីអាកប្រពន្ធ រួចចងកសម្លាប់ខ្លួន ដែលកើតឡើងកាលពីយប់មិញនេះ ស្ដ្រីរងគ្រោះដែលត្រូវប្ដីអារកសម្លាប់ បម្រើការងារនៅធនាគារ ABA ហើយបុរសជាប្ដីបម្រើការងារ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែង។
ចំពោះមូលហេតុជំហ៊ានដំបូង ដោយយោងតាមការសាកសួរទៅកាន់សាច់ញាតិ គឺគ្រួសារលើនេះតែងតែឈ្លោះគ្នាជារឿយៗ ហើយរហូតដល់ប្រពន្ធសុំលែងលះ ទើបកើតមានករណីនេះតែម្ដង។ អ្វីដែលគួរឲ្យសោកសង្រែងនោះ បន្ទាប់ពីការស្លាប់របស់ពួកគេទាំង២នាក់ គឺបានបន្សល់ទុកកូនស្រីអាយុ៣ឆ្នាំម្នាក់ឲ្យនៅកំព្រា និងមិនដឹងថាឪពុកម្ដាយស្លាប់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។