ចាប់ពីចុងខែមេសានេះ អ្នកដំណើរអាចជិះរថភ្លើងពីកម្ពុជា ដល់សិង្ហបុរី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ការបើកដំណើរការផ្លូវដែកជា មួយប្រទេសថៃ នឹងអាចឲ្យអ្នកដំណើរឆ្លងកាត់ប្រទេសអាស៊ានមួយចំនួនបាន នាពេលខាង មុខនេះ។
ក្នុងដំណើរចុះពិនិត្យសា្ថនីយរថភ្លើងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីដើមសប្តាហ៍នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ផ្លូវដែកកម្ពុជាបានតភ្ជាប់ជាមួយផ្លូវដែកថៃហើយ ប៉ុន្តែភាគីទាំងពីរមិនទាន់បានបើកឲ្យដំណើរការនៅឡើយទេ ដោយសារកម្ពុជា និងថៃមិនទាន់ ចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវដែកជាមួយគ្នា។ ប៉ុន្តែកិច្ចព្រមព្រៀងនេះ បានរៀបចំរួចរាល់ អស់ហើយ ដោយរង់ចាំតែថ្ងៃ ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរចុះកិច្ចព្រមព្រៀងនៅថ្ងៃបើកសម្ពោធផ្លូវដែកឆ្លងកាត់ប្រទេសកម្ពុជា-ថៃនៅថ្ងៃទី២២ខែមេសាខាងមុខនេះតែប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីបន្ដថា នៅពេលបើកដំណើរការជាផ្លូវការនូវផ្លូវដែកនេះ ទាំងការដឹកទំនិញ ទាំងអ្នកដំណើរ និងអ្នកទេសចរ អាចធ្វើដំណើរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយតាមរយៈការជិះរថភ្លើងតែម្តងក៏បាន។ «ប្រជារាស្ត្រអាចធ្វើដំណើរ កម្មករ កម្មការិនីអាចធ្វើដំណើរពីបាងកកមកដល់កម្ពុជា ចំណែកអ្នកធ្វើដំណើរតាមរថភ្លើងពីខេត្តព្រះសីហនុ និងពីរាជធានីភ្នំពេញដល់ប៉ោយប៉ែតអាចបន្ត ដំណើរតាមរថភ្លើងដល់បាងកក ដល់ម៉ាឡេស៊ី ឬសិង្ហបុរីក៏បាន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។