បន្ទាប់ពី​ស្ករផែន​យក្ស​ ​នៅ​ឆ្នាំក្រោយ​ ​បន្ទាយស្រី​សង្រ្កាន្ត​គ្រោង​ធ្វើ​នំបញ្ចុក​យក្ស​

​លោក​ ​ណុប​ ​វុធ្ធី​ ​អភិបាលស្រុក​បន្ទាយស្រី​ ​ខេត្តសៀមរាប​ ​បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​បន្ទាយស្រី​សង្ក្រាន្ត​កាលពី​រសៀល​ថ្ងៃទី១៦​ ​ខែមេសា​ ​ឆ្នាំ២០១៩ថា​ ​បន្ទាប់ពី​បន្ទាយស្រី​សង្ក្រាន្ត​ឆ្នាំនេះ​ ​ទទួល​បាន​ជោគជ័យ​ ​ឆ្នាំក្រោយ​រដ្ឋបាល​ស្រុក​បន្ទាយស្រី​សហការ​ជាមួយ​ក្រុម​យុវជន​ ​និង​រៀបចំ​បន្ទាយស្រី​សង្ក្រាន្ត​បន្ត​ទៀត​ ​ដោយមាន​គម្រោង​ធ្វើ​នំបញ្ចុក​យក្ស​ ​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​ ​ព្រោះ​នំបញ្ចុក​ជា​ ​នំ​ប្រចាំ​តំបន់​ ​ព្រះដាក់​ស្រុក​បន្ទាយស្រី​ ​និង​ជួយ​លើក​អាហារ​ប្រចាំ​តំបន់​មួយ​នេះ​ឱ្យ​កាន់តែ​ ​មាន​ភាព​ល្បីល្បាញ​ ​ជាមួយគ្នា​ ​ក៏​និង​មានកម្ម​វិ​ធី​ប្លែក​ៗ​ជាច្រើន​ទៀត​ ​ដែល​និង​ត្រូវ​បង្ហាញ​នៅក្នុង​បន្ទាយស្រី​សង្ក្រាន្ត​នៅ​ឆ្នាំក្រោយ​។​

​តាម​ការ​បញ្ជាក់​របស់​លោក​អភិបាលស្រុក​ ​ការរៀបចំ​បន្ទាយស្រី​សង្ក្រាន្ត​នេះ​ឡើង​ ​គឺ​ក្នុង​គោលបំណង​ជួបជុំ​យុវជន​ ​និង​មហាជន​ ​ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិខ្មែរ​ ​ក៏ដូចជា​ផ្តល់​ឱកាស​ឱ្យ​យុវជន​ ​ប្រជាពលរដ្ឋ​ ​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​ឈ្វេងយល់​បន្ថែម​អំពី​ភាព​រុងរឿង​ ​ល្បីល្បាញ​ ​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​ ​អរិយធម៌​ ​ទំនៀមទម្លាប់​ ​ប្រពៃណី​សាសនា​ ​និង​បន្ត​ថែរក្សា​ ​កេរមរតក​នេះ​ឱ្យ​បាន​គង់វង្ស​។​ ​បំផុស​ ​គំនិត​រួបរួម​កម្លាំង​សាមគ្គីភាព​ ​ខ្មែរ​ជា​ធ្លុងមួយ​ ​និង​បណ្តុះ​ស្មារតី​ ​អភិរក្ស​អភិវឌ្ឍន៍​វប្បធម៌​ ​និង​អត្តសញ្ញាណ​ជាតិខ្មែរ​ ​ក្នុង​សម័យកាល​សាកល​ភាវូបនីយកម្ម​ទំនើប​ជំនាន់​ថ្មីនេះ​ ​និង​ផ្តល់​ឱកាស​ឱ្យ​ពាណិជ្ជករ​ ​អាជីវករ​ ​ចូលរួម​តាំង​បង្ហាញ​ម្ហូបអាហារ​ ​វត្ថុ​អនុស្សាវរីយ៍​ ​និង​ផលិតផល​ ​ដែល​បង្ហាញ​ពីអ​ត្ត​សញ្ញាណ​វប្បធម៌​ក្នុង​តំបន់​។​

​លោក​បាន​បន្ត​ថា​ ​នៅក្នុង​រយៈពេល៣ថ្ងៃ​ ​នៃ​បន្ទាយស្រី​សង្ក្រាន្ត​នេះ​ ​គឺ​មានកម្ម​វិធី​ជាច្រើន​ដូចជា​ ​កម្មវិធី​សាសនា​ ​កម្មវិធី​ល្បែង​ប្រជាប្រិយ​ ​កម្មវិធី​សួន​ស្នេហ៍​បន្ទាយស្រី​ ​ដែល​ក្រុមការងារ​បាន​យក​ត្រសក់ផ្អែម​ប្រមាណ៦០០ផ្លែ​ ​មក​តុបតែង​បង្ហាញ​ពី​ភាព​សម្បូរ​ ​បែប​ ​ផ្នែក​កសិកម្ម​នៅក្នុង​ស្រុក​បន្ទាយស្រី​ ​កម្មវិធី​គង្គា​បន្ទាយស្រី​ ​ការ​បង្ហាញ​ស្ករផែន​យក្ស​ ​ដើម្បី​ ​លើកស្ទួយ​ផលិតផល​ស្ករត្នោត​ ​បង្ហាញ​ដល់​សាធារណជន​ ​និង​ភ្ញៀវ​ជាតិ​ ​អន្តរជាតិ​ ​នៅ​ស្រុក​ ​បន្ទាយស្រី​ ​ហើយ​ស្ករផែន​នេះ​មាន​រស់​ជាតិ​ ​ឈ្ងុយឆ្ងាញ់​ ​មិន​មាន​ជាតិគីមី​ ​គឺ​ធម្មជាតិ​ ​សុទ្ធសាធ​។​

​ជាមួយគ្នា​នៅក្នុង​រយៈពេល៣ថ្ងៃ​នៃ​បន្ទាយស្រី​សង្ក្រាន្ត​នេះ​ ​គឺ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​ ​និង​អន្តរជាតិ​ប្រមាណ២ម៉ឺន​នាក់​បាន​មក​ចូលរួម​កម្សាន្ត​សប្បាយរីករាយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close