សមត្ថកិច្ចកំពុងសាកសួរអធិការរងខណ្ឌដង្កោ២រូប និងប៉ូលិសម្នាក់ ករណីវៃមន្ត្រីជាប់កិច្ចសន្យា ACU
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នេះ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសាកសួរអធិការរងខណ្ឌដង្កោ២រូបនិងប៉ូលិសម្នាក់ តាមពាក្យបណ្តឹងរបស់មន្ត្រីជាប់កិច្ចសន្យានៃអង្គភាពប្រឆាំងអំពើពុករលួយ ACU ករណីវៃទាត់ធាក់យ៉ាងព្រៃផ្សៃ ។ នេះបេីតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ។
សូមបញ្ជាក់ថា នគរបាលខណ្ឌដង្កោទាំងនេះ បានព្រួតគ្នាប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃលើមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពប្រឆាំងអំពើពុករលួយ ACU បណា្តលឲ្យរងរបួសធ្ងន់ធ្ងរ នៅក្នុងវត្តព្រែកថ្លឹង ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ដោយសារតែរឿងយល់ច្រឡំក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ ។
ជនរងគ្រោះឈ្មោះ ឃឹម ខុម ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជាមន្ត្រីជាប់កិច្ចសន្យានៃអង្គភាពប្រឆាំងអំពើពុករលួយ។
ចំណែកក្រុមមន្ត្រីប៉ូលិសដែលព្រួតគ្នាប្រើអំពើហិង្សាលើប្រជាពលរដ្ឋមានដូចជា ១. លោកវរសេនីយ៍ទោ នាក់ ណារ៉ូ អធិការរងទទួលការងារចរាចរណ៍ខណ្ឌដង្កោ។ ២. លោកវរសេនីយ៍ត្រី ជុំ រដ្ឋា អធិការរងទទួលការងារសណ្ដាប់ធ្នាប់។ ៣. លោកអនុសេនីយ៍ទោ ម៉េត រតនា មន្ដ្រីនគរបាលចរាចរណ៍ និងមន្ត្រីប៉ូលិសមួយចំនួនទៀត។
សកម្មភាពនេះ ត្រូវបានប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំងចំពោះទង្វើព្រៃផ្សៃរបស់ប៉ូលិសខណ្ឌដង្កោ ព្រោះខ្លួនជាអ្នកអនុវត្តច្បាប់ បែរជាប្រព្រឹត្តអំពើបំពានច្បាប់។
ទាក់ទងករណីនេះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងប្រាប់សារព័ត៌មានថា នឹងត្រួតពិនិត្យលើករណីនេះ ហើយបើមានពិតប្រាកដមែន នឹងដាក់វិន័យនគរបាល ឬចាត់វិធានការតាមច្បាប់។
នាយឧត្តមសេនីយ៍បានបញ្ជាក់យ៉ាងដូច្នេះថា ”ឲ្យតែមានពាក្យបណ្តឹងយើងនឹងចាត់ការត្រួតពិនិត្យតាមវិន័យនគរបាល ឬក៏តាមច្បាប់វិធានការតាមច្បាប់បើមានពិតប្រាកដចឹងមែន””។
នៅក្នុងពាក្យបណ្ដឹងរបស់លោក ឃឹម ខុម ដែលបានដាក់ទៅលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺបានប្ដឹងមន្ត្រីនគរបាលជាអធិការរងនគរបាលខណ្ឌដង្កោ និងមន្ត្រីនគរបាលប៉ុស្តិ៍ដង្កោចំនួន៤រូប ពីបទប្រើអំពើហិង្សា កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ នៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោក ឃឹម ខុម ជាជនរងគ្រោះបានរៀបរាប់ថា ករណីនេះបានកើតឡើងនៅវេលាម៉ោង៨ យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ជនរងគ្រោះបានចោទទៅលើមន្ត្រីនគរបាលចំនួន៥នាក់ ក្នុងនោះអធិការរងម្នាក់មានឈ្មោះ នាក់ ណារ៉ូ និងមន្ត្រីនគរបាលប៉ុស្តិ៍ដង្កោ៤រូបផ្សេងទៀត។
ជនរងគ្រោះបានឲ្យដឹងដែរថា នៅយប់ថ្ងៃកើតហេតុ ខណៈលោកកំពុងបើករថយន្តម៉ាក Prius តាមផ្លូវ៥០ម៉ែត្រ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Prius បើកមកកៀរ រថយន្តលោក នាំឲ្យមានការខូចខាត ប៉ុន្តែលោកមិនបានតាមរថយន្តនោះទេ ដោយបើកលឿនពេក។ ភ្លាមៗនោះស្រាប់តែមាននគរបាលមួយក្រុមខាងលើ មានទាំងរថយន្ត និងម៉ូតូផងប្រហែល៦គ្រឿង បានបើកដេញពីក្រោយរហូតតាមរថយន្តលោកទាន់ នៅក្នុងវត្តព្រែកថ្លឹង រហូតប្រើហិង្សាយ៉ាងដំណំ មិនសួររកហេតុផល បើទោះគាត់បានសុំអង្វរ និងសុំឲ្យសួរនាំរកខុសត្រូវសិនក៏ដោយ។
សម្រាប់សកម្មភាពប្រើហិង្សានេះ ជនរងគ្រោះសុំឲ្យផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមច្បាប់ និងទាមទារសំណងចំនួន៥ម៉ឺនដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។