អភិបាលក្រុងប៉ោយប៉ែត ត្រូវផ្លាស់ប្តូរហើយនៅព្រឹកមិញនេះ
អភិបាលក្រុងប៉ោយប៉ែត ត្រូវបានផ្លាស់ប្តូរហើយនៅព្រឹកមិញនេះ ក្រោយពិធីបានធ្វើឡើងក្រោមអធិបតី លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ។
យោងតាមប្រកាស លោក គាត ហ៊ុល ដែលជាចៅសង្កាត់ផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត ត្រូវបានតែងតាំងជាអភិបាលក្រុងប៉ោយប៉ែតថ្មី ជំនួសលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតចាស់ ដែលត្រូវបានចូលនិវត្តិន៍។
ក្នុងឱកាសនោះ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ទៅដល់អភិបាលក្រុងប៉ោយប៉ែតដែលឡើងមកកាន់តំណេងថ្មី ត្រូវខិតខំបំរើ និងស្រាវជ្រាវឲ្យបានស៊ីជម្រៅ នូវការថ្នាំងថ្នាក់ តម្រូវការ សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ជៀសវាងការប្រកាន់បក្ខពួក ដើម្បីឲ្យមានវិធានការឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៍។
ក្នុងនោះអភិបាលក្រុងប៉ោយប៉ែតថ្មី រួមទាំងមន្ត្រីសាធារណៈ មន្ត្រីរដ្ឋបាល មន្ត្រីនគរបាល សមត្ថកិច្ចពាក់ព័ន្ធ ក៏ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៍ វិជ្ជាជីវៈ ដោយគោរពស្រឡាញ់ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំអង្គភាពនីមួយៗ ត្រូវធ្វើការតាមដាន ត្រួតពិនិត្យជាប្រចាំ នូវមន្ត្រីរាជការ កងកម្លាំងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន រួមទាំងសកម្មភាបការពារ អត្តចរិត កាយវិការ ពាក្យសំដី ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ នូវតួនាទី ភារកិច្ច ក្នុងការបំរើផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក សួន បវរ ក៏បានកោតសរសើរស្នាដៃអភិវឌ្ឍន៍របស់លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតចាស់ ដែលខិតខំធ្វើអោយក្រុងប្រែមុខមាត់ថ្មី ផ្លូវ ថ្នាល់ បញ្ហាអនាម័យ ការងារមនុស្សធម៍ និងស្នាដៃផ្សេងៗ ជាពិសេស ការសាងសង់រង្វង់មូលប៉ោយប៉ែតឋានសួគ៍ ដែលកំពុងដំណើរសាងសង់ និងធ្វើឲ្យមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។