គាស់​ផ្ទះ​ទៀតហើយ​នៅ​សៀមរាប​ ​សមត្ថកិច្ច​ចាប់​មិនដែល​បាន​

​យោង​តាម​សេចក្តី​រាយការណ៍​បាន​ឲ្យដឹង​ថា​ ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត១១ព្រឹក​ថ្ងៃទី១៨​ ​ខែមេសា​ ​ម្សិលមិញ​នេះ​ ​មាន​ករណី​គាស់​ផ្ទះ​មួយ​កន្លែងនៅ​សង្កាត់​ជ្រាវ​ ​ក្រុង​សៀមរាប​ ​ដោយ​លួច​យក​អស់ទ្រព្យ​សម្បត្តិ​មួយចំនួន​ធំ​។​

​តាម​សេចក្តី​រាយការណ៍​ថា​ ​ជនសង្ស័យ​បាន​ធ្វើសកម្មភាព​ ​ផ្លោះ​របង​ ​ចូលក្នុង​ផ្ទះ​ហើយ​យក​ឈើ​ជ្រុង​ ​គាស់​ចំរឹង​បង្អួច​ផ្ទះ​ ​លួច​យក​ចិញ្ជៀន​ពេជ្រ​ ​ខ្សែក​ ​មាស​ ​កុំព្យូទ័រ​ ​និង​របស់​មានតម្លៃ​មួយចំនួន​ធំ​ ​ដោយ​សរុប​ជា​ទឹកប្រាក់​អស់​ប្រមាណ៦ម៉ឺន៥ពាន់​ដុល្លារ​អាមេរិក​ ​រួច​យក​ទៅបាត់​ដោយ​សុវត្ថិភាព​។​

​ករណីនេះ​ ​សមត្ថកិច្ច​កំពុងតែ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​កំណត់​មុខសញ្ញា​ជនសង្ស័យ​។​

​យ៉ាងណាក៏ដោយ​ ​បើ​តាម​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​ថា​ ​ករណី​ចោរគាស់​ផ្ទះ​នេះ​ ​បាន​កើតឡើង​ជា​ញឹកញាប់​នៅក្នុង​ក្រុង​សៀមរាប​ ​ដោយ​គេ​ពុំ​ដែល​ឃើញ​សមត្ថកិច្ច​ចាត់វិធានការ​ចាប់បាន​ម្តង​ឡើយ​។​

​តាម​ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​ថា​ ​ជនសង្ស័យ​ទាំងនោះ​ ​ពេលខ្លះ​តែង​ធ្វើសកម្មភាព​ដូចជា​ចូល​ទៅ​សួររក​មនុស្ស​ណា​ម្នាក់​ ​រួច​ក៏​សម្លឹ​ក​មើល​រក​ផ្លូវ​ ​បន្ទាប់មក​ពួកគេ​ក៏​ធ្វើសកម្មភាព​តែម្តង​។​

​យ៉ាងណាក៏ដោយ​ ​ប្រជាពលរដ្ឋ​ស្នើ​សមត្ថកិច្ច​សូម​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​ចោរគាស់​ផ្ទះ​នេះ​ផង​ ​ដោយ​ឥឡូវនេះ​ពលរដ្ឋ​លែង​ហ៊ាន​ទៅ​ចោលផ្ទះ​ហើយ​ ​ដោយ​ខាតបង់​ទាំង​ការ​រកស៊ី​ទៀតផង​ ​ព្រោះតែ​ខ្លាច​មាន​ចោរ​ចូល​គាស់​ផ្ទះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close