តំបន់ឆ្នេរពយជិនទុង កំពុងត្រូវអ្នកមានអំណាចម្នាក់ចាក់ដីលុបរំលោភយកធ្វើជាកម្មសិទ្ធិ
ខេត្តកោះកុង ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិលថា មានសកម្មភាពចាក់ដីលុបឆ្នេរសមុទ្រមួយកន្លែងពីក្រុមមន្ត្រីយោធាជើងទឹកម្នាក់ថ្នាក់ផ្កាយ៣ ដោយបានធ្វើឡើងក្នុងរយះប៉ុន្មានថ្ងៃកន្លងទៅនេះស្ថិតនៅចំណុច ពយ ជិនទុង ស្ថិតក្នុងភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។
ប្រភពថា ដីនេះមានទំហំប្រមាណជាង១០ហិចតាដែលចាក់ចូលតាមបណ្តោយឆ្នេរក្នុងសមុទ្រជិត២គីឡូម៉ែត្រ។
ឈ្មួញដែលធ្វើសកម្មភាពចាក់ដីលុបឆ្នេរនោះ ត្រូវប្រជាពលរដ្ឋបញ្ជាក់ថា មានឈ្មោះ ហួរ ហាប់ មានតួនាទីជាមន្ត្រីយោធាជាន់ខ្ពស់ខាងជើងទឹកកាន់តំបន់សមុទ្រ ថ្នាក់ឧត្តមសេនិយ៍ឯកទៀតផង។
ប្រជាពលរដ្ឋថា តាមធម្មតាកន្លងមកតំបន់នោះគឺជាទីកន្លែង ប្រជាពលរដ្ឋចេញចូល រកសុីប្រចាំថ្ងៃបាន, តែឥឡូវវាបានក្លាយជាទីតាំងត្រូវគេហាមមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់ទៅវិញនិងហាមប្រជាពលរដ្ឋមិនឲ្យថតយករូបភាពជាដាច់ខាត បើអ្នកណាហ៊ានថតឲ្យគេដឹង គេនិងចាប់ដកយកម៉ាស៊ីនថត រឺទូរស័ព្ទដៃ។ ជាមួយគ្នាទីតាំងនោះថែមទាំងមានការដាក់បារ៉ាស់មិនឲ្យចេញចូលហើយមានអ្នកយាមប្រមាណ២០នាក់ដើរមើលគ្រប់ទីកន្លែងក្នុងបរិវេននោះ។
ចៅហ្វាយស្រុកស្រែអំបិល លោក ទួន សីលា ឆ្លើយយ៉ាងខ្លីថា គាត់មិនដឹងទេឲ្យទៅសួរមេឃុំទៅ។
ដោយឡែកប្រធានភូមិបាលស្រុក បានឲ្យដឹងថា ដីតំបន់នោះគ្មានកម្មសិទ្ធទេ គាត់មិនសូវដឹងទេ ហើយក៏មិនសូវទៅដល់តំបន់នោះដែរ ទាស់តែមានទំនាស់ទើបគាត់ទៅ។
យ៉ាងណាក៏ដោយ លោក ប៊ុន រ៉េ មេឃុំជ្រោយស្វាយបានឲ្យដឹងតាមទូរស័ព្ទថា លោកមិនសូវដឹងច្បាស់ទេពីព្រោះគាត់ទើបតែផ្លាស់មកជាង១ឆ្នាំ តែតាមដឹងថា ដីនេះគេ (ម្ចាស់ឈ្មោះ ហួរ ហាប់) បានទិញពីពលរដ្ឋច្រើនម្ចាស់ក្នុងឆ្នាំ២០០៤ ហើយចាក់ដីបន្តបន្ទាប់រហូតដល់២០០៨។
ទាក់ទិននិងការចោទប្រកាន់ខាងលើ លោក ហួរ ហាប់ យើងមិនអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ករណីចាក់រំលោភយកសមុទ្រនេះ មិនមែនជារឿងធម្មតានោះទេ ដោយវាអាចមានការឃុបឃិតជាប្រព័ន្ធ ព្រោះបើគ្មានការឃុបឃិតទេ គេមិនអាចព័ន្ធយកសមុទ្រដែលខុសទៅនឹងច្បាប់របស់រដ្ឋយ៉ាងដូច្នោះនោះឡើយ ដូច្នេះពួកគាត់សង្ឃឹមថា គណៈកម្មការឆ្នេរសមុទ្រកម្ពុជា ក៏ដូចជាក្រសួងរៀបចំដែនដី ជួយពិនិត្យមើលផងចុះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។