បញ្ជូនខ្លួនជនជាតិចិន៣នាក់មកកាន់តុលាការ ពាក់ព័ន្ធនាំចូលលុយជាង៣.៥លានដុល្លារអាមេរិកមកស្រុកខ្មែរ
នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នេះ នគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បញ្ជូនបុរសជនជាតិចិន៣នាក់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីនាំចូលលុយជាង៣.៥លានដុល្លារអាមេរិក ដោយមានប្រភពមិនច្បាស់លាស់ មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។
របាយការណ៍ពីប៉ូលិសអន្តោប្រវេសន៍ បានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខEC9259330 មុខរបរ មិនពិតប្រាកដ, ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខED4367915 មុខរបរ មិនពិតប្រាកដ និងទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខE 35414034 មិនមានលិខិតឆ្លងដែន ជាប់ខ្លួន មុខរបរមិនពិតប្រាកដ។
ជនសង្ស័យទាំង៣នាក់ ត្រូវបាន កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ខណៈកំពុងនាំលុយចំនួន ៣,៥២០,០០០ ដុល្លារ ;ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា។
ក្រោយពីការត្រួតពិនិត្យឯកសាររួចជនជាតិចិនទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការចាត់វិធានការតាមនីតិវិធី ក្នុងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហរិញ្ញប្បទានភេរវកម្ម ព្រមទាំងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។